នៅលើបណ្ដាញទំនាក់ទំនងសង្គមមានផ្ទុះការចាប់អារម្មណ៍មួយ ដោយសារតែម្ចាស់បំណុលម្នាក់បានចេញមកប្រកាសរកមុខលោកឧកញ៉ា លាន អាហ្វ្រីលគីនីន ឱ្យចូលខ្លួនមកដោះស្រាយបំណុលជាមួយនឹងរូបលោកនារាត្រីទី២៥ ខែឧសភា កន្លងទៅ។
យោងតាមហ្វេសប៊ុករបស់លោក បេ សិក្ខារិទ្ធ បានលើកឡើងថា លោក លាន អាហ្វ្រីលគីនីន បានចេញសែកអត់លុយ ហើយសន្យាសងម្ដងជាពីរដង តែមិនដែលឃើញលោកចូលខ្លួនមកដោះស្រាយបញ្ហាបំណុលនោះឡើយ។

ម្ចាស់បំណុលដដែលសង្កត់ធ្ងន់ៗថា ប្រសិនបើលោក លាន អាហ្វ្រីលគីនីន មិនព្រមចូលខ្លួនដោះស្រាយបំណុលដែលជំពាក់លោកទេនោះ លោកនឹងដាក់ពាក្យបណ្ដឹងផ្នែកព្រហ្មទណ្ឌ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
បន្ទាប់ពីម្ចាស់បំណុលខាងលើផុសចែករំលែកបញ្ហារបស់ខ្លួនលើបណ្ដាញទំនាក់ទំនងសង្គមរួចហើយនោះ មានមិត្តភក្ដិនិងអ្នកលេងបណ្ដាញសង្គមបានចូលមកសាកសួរ និងចែករំលែកដំណឹងនេះជាបន្តបន្ទាប់ដោយសង្ឃឹមថាម្ចាស់បំណុលឆាប់រកបានដំណោះស្រាយ។
រឿងចេញសែកស្អុយរបស់ឧកញ៉ា លាន អាហ្វ្រីលគីនីន បានធ្វើឱ្យមហាជនមួយចំនួនលើកឡើងថាទង្វើរបស់លោកនេះ ធ្វើឱ្យប៉ះពាល់និងខូចឈ្មោះដល់ឧកញ៉ាផ្សេងទៀតដែលជាឧកញ៉ាល្អ ដូច្នេះលោក លាន អាព្រីលគីនីនគួរប្រញាប់ដោះស្រាយបញ្ហាបំណុលនេះជាបន្ទាន់៕



