ភ្នំពេញ៖ រថយន្ដ2 គ្រឿង បើកគៀរគ្នា ទាក់ខ្សែរកាប ហើយជ្រុលទៅបុកដើមឈើ តាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅពីវេលាម៉ោង១០ៈ២០ នាទីយប់ ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ បើករថយន្តលុចស៊ីស HS250h ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AX-9229 ធ្វើដំណើរតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកម្ពុជា EYURY.68 ធ្វើដំណើរស្របទិសគ្នា បានវ៉ាជែងហើយគៀរ បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរេចង្កូត ទៅទាក់នឹងខ្សែរកាប ហើយជ្រុលទៅបុកជាមួយនឹងដើមឈើ នៅខាងស្ដាំដៃ រងការខូចខាតទាំងពិរគ្រឿង តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។

ក្រោយពីកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង រួចស្ទូចរថយន្តទាំងពីរ យករក្សាទុករង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖លី សុភាស

