សមត្ថកិច្ចប្រដាប់អាវុធ បាននាំជនសង្ស័យជនជាតិចិនតៃវ៉ាន់៤នាក់ពាក់ព័ន្ធនឹងការពិសោធ កែច្នៃ ផលិតគ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានសរុបជាង១០តោន ទៅតុលាការសាលាដំបូងរាជធានីភ្នំពេញហើយ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ។

សូមរម្លឹកថាសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបមន្ទីរពិសោធន៍លួចលាក់ កែច្នៃផលិតគ្រឿងញៀន ដោយចាប់ខ្លួនជនជាតិចិនតៃវ៉ាន់៤នាក់ រឹបអូសសារធាតុញៀនជាង១តោន៤០០គីឡូក្រាម និងសារធាតុគីមីជាង១១តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ នេះបើតាមមន្ទីរប្រឆាំងគ្រឿងញៀនចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ។

នេះជាលើកទី២ហើយដែលសមត្ថកិច្ចកម្ពុជាបង្ក្រាបបានទីតាំងកែច្នៃផលិតគ្រឿងញៀន។ កាលពីខែធ្នូ ចុងឆ្នាំ២០២១ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងកែច្នៃគ្រឿងញៀនមួយកន្លែង ដោយរឹបអូសគ្រឿងញៀនបានជាង១តោន និងសារធាំតិគីមីជាង៨០តោន ដែលជ្រកក្រោមស្លាករោងចក្រស្វាយ នៅខេត្តកំពង់ស្ពឺ។

សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថាពួកឧក្រិដ្ឋជនបាននាំចូលសាធាតុគីមីផ្សុំនានាដោយស្របច្បាប់ ប៉ុន្តែបានបង្វែរសារធាតុនោះផលិតជាគ្រឿងញៀន និងបានទាមទារឱ្យមន្រ្តីពាក់ព័ន្ធពិនិត្យឱ្យបានហ្មត់ចត់៕

អត្ថបទដោយ ចតុមុខ

Share.