ប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទារកទើបនឹងកើតចំនួន ១១នាក់ បានស្លាប់បន្ទាប់ពីមានអគ្គីភ័យឆាប់ឆេះនៅអគារទារកដ្ឋាននៃមន្ទីរពេទ្យ Mame Abdou Aziz Sy Dabakh ក្នុងទីក្រុង Tivaouane ភាគខាងលិចប្រទេសសេណេហ្គាល់។

លោក Sall បានសរសេរលើ Twitter របស់លោកថា «ខ្ញុំមានការឈឺចាប់ និង តក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា មានទារកទើបនឹងកើត ១១នាក់ស្លាប់ ក្នុងហេតុការណ៍ដ៏រន្ធត់នេះ»។ លោកបន្ថែមថា «ខ្ញុំសូមសម្ដែងនូវការរំលែងទុក្ខយ៉ាងក្រៀមក្រំ និង ក្ដីអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះម្ដាយ និង ក្រុមគ្រួសាររបស់ពួកគេ»។

សារព័ត៌មាន CNN បានទាក់ទងទៅមន្ទីរពេទ្យហើយ ប៉ុន្ដែនៅមិនទាន់ទទួលបានដំណឹងអ្វីមកវិញទេ។ នៅក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលរបស់ប្រទេសនេះបាននិយាយថា «ផែនការឆ្លើយតបបន្ទាន់មួយ ត្រូវបានដាក់ឲ្យដំណើរការហើយ ការរៀ​បចំកំពុងត្រូវបានធ្វើឡើងសម្រាប់ផ្ដល់ជំនួយដល់ក្រុមគ្រួសាររងគ្រោះ»។

ក្រសួងបានបន្ថែមថា រដ្ឋមន្រ្តីសុខាភិបាលសេណេហ្គាល់ លោក Abdoulaye Diouf Sarr ដែលកំពុងចូលរួមសន្និបាតសុខភាពពិភពលោកនៅទីក្រុង ហ្សឺណេវ បានកាត់បន្ថយការធ្វើដំណើររបស់គាត់ ហើយនឹងត្រឡប់មកប្រទេសសេណេហ្គាល់វិញនៅថ្ងៃនេះភ្លាមៗ។

ទោះជាយ៉ាងណា លោក Diouf Sarr ដែលជារដ្ឋមន្រ្តីសុខាភិបាលសេណេហ្គាល់ បានលើកឡើងថា ការស៊ើបអង្កេតបឋមបង្ហាញថា វាទំនងជាបង្កឡើងដោយករណីទុស្សេខ្សែភ្លើង៕

ប្រភព៖ CNN

Share.