ភ្នំពេញ÷ រថយន្តមួយគ្រឿងរងការខូចខាតមួយកំណាត់មុខ ក្រោយបុរសម្នាក់បើកឡានឡើងសួនច្បារពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើង បាក់រាបដល់ដី នៅមុខរដ្ឋសភាជាតិ កាលពីវេលាម៉ោង ៥ទៀបភ្លឺឈានចូលថ្ងៃទី ២៧ខែឧសភា ឆ្នាំ ២០២២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឲ្យដឹងថា ដំបូងដោយឃើញបុរសម្នាក់ បើករថយន្តម៉ាក Mitsubishi Triton មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Q-7305 ធ្វើដំណើរតាមបណ្ដោយផ្លូវរដ្ឋសភា ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចមុខរដ្ឋសភា ក៏រ៉េចង្កូតឡើងផ្លូវសួនច្បារពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លើង១ដើមបាក់រាបដល់ដី ហើយរថយន្តមិនទាន់អស់ល្បឿនទេ ក៏បន្តទៅបុកស្លាកសញ្ញាចរាចរណ៍មួយដើមទៀត បាក់ខ្ទេចទៀត នៅមិនទាន់អស់ល្បឿនរថយន្តបន្ដទៅទៅបុកផ្ទាំងប៉ាណូផ្សព្វផ្សាយ មួយផ្ទាំងទៀតទើបទៅមុខលែងរួច តែជាសំណាងល្អមិនបង្កឱ្យមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការស្ទូចរថយន្តបង្កយកទៅរក្សារទុកដើម្បីរង់ចាំម្ចាស់ ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ លី សុភាស

Share.