
សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីតំបន់បឹងទន្លេសាបជូនប្រជាជនថាកិច្ចការទី១ គឺការពិនិត្យពិចារណាដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃភូមិសាស្រ្តនីមួយៗក្នុងការកាត់ឆ្វៀលចេញពីតំបន់២ ឬតំបន់៣ សម្រាប់ទីតាំងដែលមានប្រជាជនរស់នៅជាក់ស្ដែងកើតជាភូមិ ស្រុក វត្តអារាម និងកើតមានជាយូរណាស់មកហើយ។ សម្ដេចបានអះអាងបញ្ហានេះមិនត្រូវងាប់ក្រឡានោះទេ ទោះតំបន់ប្រជាជនរស់នៅស្ថិតក្នុងតំបន់៣ ឬតំបន់២ក៏ដោយ តែតំបន់នេះមានពលរដ្ឋរស់នៅមុនពេលសម្រេចបែងចែកតំបន់បឹងទន្លេសាបទៅទៀត។
សម្ដេចបានរំលឹកថា«តាមដែលខ្ញុំព្រះករុណាខ្ញុំចាំ នៅក្នុងទសវត្ស៨០ យើងមានឃុំមួយគឺឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង គឺឃុំនេះនៅក្នុងទឹកតែម្ដង យើងក៏បានជួយកសាងសាលារៀន កសាងវត្តអារាមនៅទីនោះ ដូច្នេះមិនមែនជាទីតាំងថ្មីដែលប្រជាជនទៅរុករាននោះទេ គាត់រស់នៅរាប់ជំនាន់មកហើយដែលចាំបាច់ត្រូវតែឆ្វៀលចេញ ដូចស្ថានភាពស្បែកខ្លា»។
សម្ដេចតេជោ បានបន្តទាញចំណាប់អារម្មណ៍ថាចំណុចនេះជាចំណុចដែលឯកឧត្តម ជា សុផារ៉ា រួមជាមួយអភិបាលខេត្ត ស្រុក ឃុំ នៅតាមតំបន់ទាំងនោះ ត្រូវតែមានការទទួលខុសត្រូវ ដើម្បីរៀបចំសុំរក្សាទុកតំបន់នោះ ហើយមានតែរាជរដ្ឋាភិបាលប៉ុណ្ណោះដែលមានសិទ្ធិសម្រេចបញ្ហានេះ ដោយផ្អែកលើកត្តាប្រវត្តិសាស្ត្រ និងកត្តាជីវភាពប្រជាពលរដ្ឋ។
សម្ដេចក៏បានឱ្យដឹងដែរថាថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម ជា សុផារ៉ា បានចុះទៅកាន់ខេត្តបាត់ដំបង ដើម្បីពិនិត្យលើការងារនេះ ដោយសម្ដេចបន្ថែមថា«សូមបញ្ជាក់ទៅខេត្តទាំង៦ដែរ ឱ្យមានការទទួលខុសត្រូវចំពោះប្រជាជនខ្លួនឯងក្នុងតំបន់នេះ ត្រូវតែឆ្វៀលចេញតំបន់២ក្ដី តំបន់៣ក្ដី ដែលប្រជាជនបានរស់នៅ មានទាំងសាលារៀន មានតាំងពីវត្តអារាម តាំងពីយូរណាមកហើយ ដោយមិនអាចបោសសំអាតប្រជាជន ហើយយកប្រជាជនចេញពីតំបន់នោះទេ»។
សម្ដេចក៏បានបញ្ជាឱ្យមានការបញ្ជាក់អត្តសញ្ញាណប្រជាជនតំបន់ទាំងនោះឱ្យបានច្បាស់លាស់លើការងារនេះផងដែរ។
សូមបញ្ជាក់ថាតំបន់បឹងទន្លេសាបបែងចែកជា៣តំបន់ រួមមានតំបន់ទី១ជាតំបន់មានប្រជាពលរដ្ឋរស់នៅអាចធ្វើប្លង់កម្មសិទ្ធិបាន តំបន់ទី២ជាតំបន់ចន្លោះតំបន់១ និងតំបន់ទី៣ដែលតំបន់២នេះអាចពលរដ្ឋចូលទៅអាស្រ័យផល និងតំបន់៣ជាតំបន់ដីព្រៃលិចទឹកដែលច្បាប់មិនអនុញ្ញាតឱ្យប៉ះពាល់៕
