ក្នុងសារពិសេសថ្លែងតាមវីដេអូជូនជនរួមជាតិពាក់ព័ន្ធនឹងការសម្រួលដីតំបន់បឹងទន្លេសាប នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យអាជ្ញាធរបន្តរឹបអូសយកមកវិញនូវដីដែលឈូសឆាយថ្មីដោយពលរដ្ឋ ឬដោយពួកថៅកែ និងអះអាងច្បាស់ៗថាដីទាំងនេះមិនស្ថិតក្នុងលក្ខណ្ឌដីត្រូវកាត់ឆ្វៀលចេញពីតំបន់ហាមឃាត់នោះទេ។

បើតាមសម្ដេចតេជោ ទោះនៅតំបន់ណាក៏ដោយ ប្រសិនបើតំបន់នោះមានប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផលយូរឆ្នាំមកហើយ មានទាំងសាលារៀន មានទាំងវត្តអារាមផងនោះ រាជរដ្ឋាភិបាលអាចសម្រេចកែសម្រួលឡើងវិញបាន ដើម្បីកាត់ឆ្វៀលដីតំបន់នោះជូនប្រជាពលរដ្ឋ ដោយសម្ដេចបានបញ្ជាឱ្យអភិបាលខេត្តទាំងជុំវិញបឹងទន្លេសាបចុះពិនិត្យការងារនេះប្រកបដោយការទទួលខុសត្រូវខ្ពស់។

សម្ដេចបានអះអាងថាការសម្រេចកែសម្រួលឡើងវិញនេះ គឺដោយសម្ដេចបានគិតគូទាំងការអភិរក្ស និងជីវភាពប្រជាពលរដ្ឋ។ សម្ដេចបានអះអាងថាដាច់ខាតមិនអាចយកពលរដ្ឋចេញពីភូមិករណ៍ដែលពួកគាត់រស់នៅរាប់ឆ្នាំមកហើយបានឡើយ។​ យ៉ាងណាក៏ដោយ សម្ដេចណែនាំឱ្យពិនិត្យឱ្យច្បាស់លាស់អំពីអត្តសញ្ញាណពលរដ្ឋនៅតំបន់នោះ។

សូមបញ្ជាក់ថាតំបន់បឹងទន្លេសាបបែងចែកជា៣តំបន់ រួមមានតំបន់ទី១ជាតំបន់មានប្រជាពលរដ្ឋរស់នៅអាចធ្វើប្លង់កម្មសិទ្ធិបាន តំបន់ទី២ជាតំបន់ចន្លោះតំបន់១ និងតំបន់ទី៣ដែលតំបន់២នេះអាចពលរដ្ឋចូលទៅអាស្រ័យផល និងតំបន់៣ជាតំបន់ដីព្រៃលិចទឹកដែលច្បាប់មិនអនុញ្ញាតឱ្យប៉ះពាល់៕

Share.