មុននេះបន្តិច សារព័ត៌មានត្រយងទទួលដំណឹងមកថា មានវត្តមានអតីតអ្នកដឹកនាំឆ្នើមពីហង្សមាសដូចជា លោក សុខ ជំនោរ និងលោក ខាំ ភូរិ នឹងមកជំនួសតំណែងលោក យឹម តាស្រង់ ក្នុងផលិតកម្ម Galaxy។ ដំណឹងបានធ្វើឱ្យមហាជនកើតមន្ទិលសង្ស័យមែនទែនថា លោក យឹម តាស្រង់ ទៅណា?

តាមការបង្ហោះរបស់លោក ឡេង ណាវ៉ាត្រា ចាងហ្វាងផលិតកម្ម Galaxy បានរៀបរាប់ថា ៖ «អរគុណបងប្រុស យឹម តាស្រង់ បងគឺជាស្ថាបនិកមួយរូបរបស់ផលិតកម្ម Galaxy ផលិតកម្មមានថ្ងៃនេះ គឺបងបានចូលរួមយ៉ាងច្រើនរាប់មិនអស់ ពេលនេះបងរីកចម្រើននិងមានអាជីវកម្មផ្ទាល់ខ្លួន បងហាក់ដូចជាមិនដាច់ចិត្តពី galaxy សោះ ប្អូនក៏ដូចគ្នា ប៉ុន្តែទោះជាយ៉ាងណារាល់ការជួបណា ក៏ត្រូវតែមានការបែក ដើម្បីអនាគតមួយកាន់តែរីកចម្រើន»។

លោកបន្តថា «ថ្ងៃនេះ ទោះបីជាបងទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួន និងអាជីវកម្មផ្សេងក៏ដោយ ប៉ុន្តែបេះដូងយើងនៅជាមួយគ្នា នឹងអាចសហការគ្រប់កិច្ចការងារសិល្បៈបានគ្រប់ពេលវេលា ។ ថ្ងៃនេះខ្ញុំសូមបង្ហាញ អ្នកគ្រប់គ្រងស្ដីទី ទីប្រឹក្សា សរុបបីរូប ជំនួសតំណែង បងយឹមតាស្រង់ គឺបងប្រុស សុខ ជំនោរ បងប្រុស លោក ខាំ ភូរិ និងប្អូនស្រី យឹម សុជាតា»។

សារព័ត៌មានត្រយងកំពុងព្យាយាមទាក់ទងសុំការបំភ្លឺបន្ថែមពីសំណាក់លោក យឹម តាស្រង់ ដើម្បីជូនដំណឹងមហាជនជាបន្តទៀត៕

Share.