សម្រាប់ជនជាតិអាមេរិក ខែឧសភានេះ គឺជាខែមួយនៃការបាត់បង់ព្រោះក្រោយពីហេតុការណ៍បាញ់ប្រហារដ៏ឃោរឃៅដែលសម្លា.ប់កុមារជាច្រើននាក់ហើយនោះ ស្រាប់តែតារាសម្ដែងដែលជានិមិត្តរូបរបស់អាមេរិកលោក Ray Liotta បានទទួលអនិច្ចកម្មយ៉ាងទាន់ហ័នត្រឹមវ័យ ៦៧ឆ្នាំប៉ុណ្ណោះ។

តារាសម្ដែងដែលមានឈ្មោះល្បីតាមរយៈការសម្ដែងរឿង «Goodfellas» និង «Field of Dreams» បានស្លាប់ក្នុងដំណេកខណៈដែលលោកកំពុងតែស្ថិតនៅ សាធារណរដ្ឋដូមីនីក ដើម្បីថតភាពយន្ត «Dangerous Water» ជាមួយនឹងតារាសម្ដែង Eric Dane និង Odeya Rush នេះបើយោងតាមការផ្សាយរបស់ Deadline។

ក្រុមផលិតភាពយន្ត «Dangerous Waters» បានចេញសាររំលែកទុក្ខចំពោះការបាត់បង់តារាជើងចាស់រូបនេះថា៖ នេះគឺជាការបាត់បង់មួយដ៏ធំធេង យើងសូមចែករំលែកមរណទុក្ខចំពោះក្រុមគ្រួសាររបស់លោក គូដណ្ដឹងរបស់លោក Jacy ក៏ដូចជាកូនស្រីរបស់លោក Karsen ផងដែរ។
De Niro បានលើកឡើងថា៖ «វ័យលោកនៅក្មេងណាស់សម្រាប់ការចាកចេញពីពួកយើង។ សូមឱ្យលោកទៅកាន់ភពសុគតិ»
សមិទ្ធផលជាច្រើនដែល Ray Liotta បានបន្សល់ទុកក្រៅពីរៀបរាប់ខាងលើ ក៏នៅមានរឿងភាគទូរទស្សន៍ជាច្រើនទៀតដែរដូចជា «Shades of Blue» និង «ER» ជារឿងដែលជួយឱ្យលោកឈ្នះពានរង្វាន់ Emmy ឆ្នាំ២០០៥ ក្នុងឋានៈជាតារាកិត្តិយសសម្ដែងបានស័ក្តិសមបំផុត។

ក្រុមអ្នកគាំទ្រ និងតារាសម្ដែងដែលធ្លាប់បានរួមការងារជាមួយនឹងលោក ក៏ដូចជាមិត្តសិល្បករដទៃទៀតបានផ្ញើសាររំលែកទុក្ខចំពោះការបាត់បង់ធនធានដ៏មានតម្លៃរបស់សិល្បៈភាពយន្តអាមេរិករូបនេះ៕
ប្រភព៖ WKYC-TV Cleveland , CBSNews

