សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម​ ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះទៅកាន់តំបន់បឹងទន្លេសាបជាប់ក្នុងភូមិសាស្រ្តស្រុកចំនួន៣នៃខេត្តបាត់ដំបង រួមមានស្រុកមោងឬស្សី ស្រុកឯកភ្នំ និងស្រុកសង្កែ។

ដំណើរអញ្ជើញចុះទៅកាន់តំបន់បឹងទន្លេសាបក្នុងភូមិសាស្រ្តស្រុកទាំង៣នៃខេត្តបាត់ដំបង របស់សម្ដេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំពាក់ពាក់ព័ន្ធនៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ គឺក្នុងពេលតំណាលគ្នាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញថ្លែងសារពិសេសតាមវីដេអូ ទៅកាន់ជនរួមជាតិ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញបឹងទន្លេសាបទាំង៦ខេត្ត គឺតំបន់១ តំបន់២ និងតំបន់៣។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងក្នុងសារពិសេសដែរថាក្នុងពេលសម្ដេចកំពុងមានប្រសាសន៍នោះ សម្ដេចក្រឡាហោម ស ខេង អមដំណើរដោយឯកឧត្តម ជា សុផារ៉ា រួមទាំងមន្រ្តីពាក់ព័ន្ធផ្សេងទៀត បានធ្វើដំណើរចុះទៅពិនិត្យ និងសិក្សាដោយផ្ទាល់ទីតាំងដែលមានប្រជាជនរស់នៅ និងអាស្រ័យផលក្នុងតំបន់ទាំងនោះ មុននឹងរាជរដ្ឋាភិបាលឈានដល់ការសម្រេចកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលបានរស់នៅ និងអាស្រ័យផលកសិកម្មលើដីតំបន់នោះជាយូរឆ្នាំ ឬចាប់ពី១០ឆ្នាំឡើងទៅ មានទាំងវត្តអារាម មានទាំងសាលារៀន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បឹងទន្លេសាបជាបឹងដ៏ធំមួយ ហើយជាបឹងដែលមានប្រភពត្រីច្រើន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ថែរក្សា និងអភិរក្ស។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា តំបន់បឹងទន្លេសាបចែកចេញជា៤តំបន់ ហើយតំបន់ទី៤ ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត។

សម្ដេចបន្តថាតំបន់បឹងទន្លេសាបនេះ ចែកជាពីរកត្តាចាំបាច់ ដែលកត្តាទី១ ការអភិរក្ស និងកត្តាទី២ គឺត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាបនោះ។ បញ្ហាបឹងទន្លេសាប ត្រូវគិតលើគោលការណ៍សំខាន់៣ ហើយគោលការណ៍ដែលត្រូវយកចិត្តទុកដាក់នោះ គឺគោលការណ៍ថ្លឹងថ្លែងជាមួយការអភិរក្ស និងគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង។

សម្តេចបានណែនាំទៅដល់ខេត្តទាំង៦ដែលស្ថិតនៅជាប់នឹងបឹងទន្លេសាប ត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប។ សម្តេចតេជោក៏បានណែនាំឱ្យពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដោយកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែង ។ សម្តេចក៏បានណែនាំឱ្យកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ឡើងវិញ ទៅតាមស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋ។

បើតាមសម្ដេច ផ្ទៃដីដែលកាត់ឆ្វៀល គឺសំដៅអ្នកអាស្រ័យផលយូរឆ្នាំ មិនរាប់អ្នកទើបទៅកាន់កាប់ត្រឹមតែ២ ឬ៣ឆ្នាំនោះទេ។ សម្តេចតេជោ ក៏បានសុំអោយបងប្អូនប្រជាពលរដ្ឋដែលត្រូវបានកាត់ឆ្វៀលដីជូនហើយនោះ សូមកុំបន្តកាប់ទន្ទ្រានដីដែលត្រូវបានអភិរក្សបន្តទៅទៀត។ ដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋ គឺជាដីដែលពលរដ្ឋអាស្រ័យផលយ៉ាងតិចបំផុត១០ឆ្នាំ ឬដីដែលមិនមែនជាដីលិចទឹក ដែលអាចឲ្យប្រកបមុខរបរកសិកម្មបានយ៉ាងងាយស្រួល៕

Share.