ភ្នពេញ ៖ នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយពីធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចខាងមុខបុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភិន ភ័ក ភេទប្រុស អាយុ៣០ឆ្នាំ បានទុកម៉ូតូម៉ាកហុងដាវ៉េវ ពាក់ស្លាកលេខភ្នំពេញ1JA-8557 នៅកន្លែងទុកម៉ូតូឃ្លាំងការ៉ូក្រុមហ៊ុន SL ស្ថិតនៅភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដោយបានចាក់សោរកម៉ូតូត្រឹមត្រូវ រួចជនរងគ្រោះក៏បានបើករថយន្តដឹកការ៉ូទៅដាក់អោយម៉ូយនៅតាមខេត្ត។

លុះមកដល់វេលាម៉ោង១០និង៣០នាទី ថ្ងៃខែឆ្នាំដដែល ក៏មានជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូម៉ាក ស៊ុយស៊ូ គីនិច ពាក់ស្លាកលេខភ្នំពេញ1HJ-3010 មកធ្វើសកម្មភាពលួចកាច់សោរកម៉ូតូម៉ាកហុងដាវ៉េវ របស់ជនរងគ្រោះ ហើយបើកម៉ូតូគេចខ្លួន តែបានប្រជាពលរដ្ឋឃេីញស្រែថាចោរៗ ស្របពេលនោះក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរ បាលស្ពានថ្ម បានជិះម៉ូតូល្បាតមកដល់ ក៏បានជិះម៉ូតូដេញតាមពីក្រោយ និងបានបោះដៃតាមវិទ្យុទាក់ទងមកកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ​ ជួយដេញរហូតមកដល់ផ្លូវបេតុង៥០ម៉ែត្រ ចំណុចខាងមុខបុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ទើបឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ មកធ្វេីការសាកសួនៅអធិការខណ្ឌដង្កោ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ពួកគេទាំងពីរនាក់ពិតជាបានធ្វើសកម្មភាពកាច់សោកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយសារតែពួកគេអត់មានលុយទៅទិញថ្នាំញៀនជក់ ហេីយពួកគេកន្លងមកក៏ធ្លាប់បានធ្វើសកម្មភាពកាច់សោករម៉ូតូនៅក្នុងរាជធានីភ្នំពេញ ជាច្រើនលើករួចមកហើយដែរ ហើយនៅពេលដែលធ្វើសកម្មភាពបានសម្រេច ពួកគេតែងតែយកម៉ូតូទៅលក់នៅម្ដុំផ្សារឃ្លាងរំសេវ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី១ឈ្មោះ ភា លីហៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ទី២ឈ្មោះ មន ណាំឈៀវ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សេង សាវី

Share.