ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបររថយន្តរដ្ឋាករស្វយ័តក្រុងភ្នំពេញ ចាញ់ល្បិចមិត្តភក្ដិអ្នកស្គាល់គ្នា ល្បួងនាំទៅផឹកសុី មានប្រុសមានស្រី បន្លំដាក់ថ្នាំសណ្តំ សន្លប់ទន់ខ្លួន ដោះយកខ្សែក ប្លាកដៃ កាបូបលុយ ទូរស័ព្ទ ម៉ូតូហុងដាឌ្រីម មួយគ្រឿង អស់ពីខ្លួនរលីង នៅម្តុំផ្សារកន្ទួត ភូមិស្វាយមីង ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រួចឌុបយកទៅទម្លាក់ចោល នៅចិញ្ចើមផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ។

ជនរងគ្រោះឈ្មោះ សៀប ប៉ោត ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ អ្នកបើកបររថយន្តរដ្ឋាករស្វយ័តក្រុងភ្នំពេញ ខ្សែទី៣ (បុរីសន្តិភាព២-ឫស្សីកែវ) ជាបុរសពោះម៉ាយ ស្នាក់នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ។ សម្ភារៈបាត់បង់ ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេរី២០២១ , ប្លាកដៃ ,ខ្សែក ,កាបូបលុយ,ទូរស័ព្ទដៃ១គ្រឿង ។
បើតាមសម្តីជនរងគ្រោះ មុនដេកសន្លប់ បានឲ្យដឹងថា មុនកើតហេតុ ក្រោយពីបញ្ចប់ម៉ោងការងារបើកបររថយន្តនៅល្ថាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បើករថយន្តចូលទុកចំណតនៅបុរីសន្តិភាព២ ផ្លូវ៣០ម៉ែត្រ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ រួចហើយ មិត្តភក្ដិអ្នកស្គាល់គ្នាបបួលនាំទៅផឹកសុី នៅឯម្តុំផ្សារកន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានប្រុសមានស្រី រហូតដល់វេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ទន់ដៃទន់ជើង ត្រូវបានគេឌុបជូនវិលមកផ្ទះ ។

តែបើតាមប្រជាពលរដ្ឋនៅផ្លូវជាតិលេខ៤ ក្បែរសាលាសង្កាត់ចោមចៅទី៣វិញ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ គ្រាន់តែឃើញ ជនរងគ្រោះត្រូវបានគេឌុបទៅដាក់ចោលចិញ្ចើមផ្លូវជាតិលេខ៤ហើយ ជិះម៉ូតូគេចទៅបាត់ ហើយជនរងគ្រោះប្រាប់គេឯងឲ្យជួយគាត់ផង គេដាក់ថ្នាំ(មឹមអេង)យកម៉ូតូ របស់ទ្រព្យ ប្រាប់លេខទូរស័ព្ទមិនទាន់អស់ផង ជនរងគ្រោះសន្លប់ឈឹងបាត់ ទើបផ្អើលឆោឡោ ។
ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ សង្គ្រោះ ចំណែកដំណើររឿងហេតុ បាត់បង់របស់ទ្រព្យយ៉ាងណានោះ គ្រាន់តែសម្តីរបស់ជនរងគ្រោះរៀបរាប់ខ្លះៗមុនសន្លប់តែប៉ុណ្ណោះ ៕
