ខេត្តព្រះសីហនុ ៖ នគរបាលឃាត់ខ្លួនជនសង្សយ័ម្នាក់ ក្រោយពីបានលួចម៉ូតូនៅខេត្តកោះកុង ហើយរត់មកលាក់ខ្លួននៅស្រុកព្រៃនប់ខេត្តព្រះសីហនុ។
របាយការណ៍ពីនគរបាលស្រុកព្រៃនប់ឲ្យដឹងថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នគរបាលជំនាញ អធិការ នគរដ្ឋាននគរបាលស្រុកព្រៃនប់ បានទទួលព័ត៌មានពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរ បាលខេត្តកោះកុង ដោយសុំកិច្ចសហការ ជួយស្វែងរកមុខសញ្ញាលួចម៉ូតូពីស្រុកបទុមសាគរខេត្តកោះកុង ដែលបានមកលាក់ខ្លួនក្នុងមូលដ្ឋានស្រុកព្រៃនប់។

បន្ទាប់ពីទទួលបានព័ត៍នេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងតាព្រហ្មនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរឧកញ៉ាហេង ធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០ ២២ វេលាម៉ោង២០និង៣០នាទីយប់ ទើបរកឃើញមុខសញ្ញា ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបាន នឹងដកហូតវត្ថុតាងរួមមានម៉ូតូ១គ្រឿងម៉ាក Honda DreamC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កោះកុង1B-4954មួយគ្រឿង។

ជនសង្ស័យមានឈ្មោះ ឈាង ពី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបាននគរបាលស្រុកព្រៃនប់ បានប្រគល់ទៅនគរបាលស្រុកបរទុមសាគរ ខេត្តកោះកុង ដើម្បីអនុវត្តនិតិវិធីបន្ត៕
អត្ថបទ៖ ក្រុងព្រះសីហនុ

