ភ្នំពេញ៖ នគរបាលជាតិនៃក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តតាកែវ បានសហការគ្នាស្រាវជ្រាវចាប់ខ្លួនបុរសម្នាក់ដែលជាជនសង្ស័យសម្លាប់ប្រពន្ធដោយកាត់.ក្បាល។ ការឈានដល់ចាប់ខ្លួនជនសង្ស័យបាននាពេលនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ប្រតិបត្តិការនេះចូលរួមអនុវត្តពីឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដែលបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តតាកែវ អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ។

ការចាប់ខ្លួនជនសង្ស័យក្នុងបទល្មើសដ៏សាហាវឃោឃៅនេះ គឺធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង២និង៤៥នាទី  ពោលគឺមួយថ្ងៃប៉ុណ្ណោះក្រោយកើតមានបទល្មើស។ សូមបញ្ជាក់ថាករណីឃាតុកម្មនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖ ភ្នាក់ងាររាជធានី

Share.