
ស្រូវកសិករក្នុងខេត្តបន្ទាយមានជ័យ និងត្បូងឃ្មុំ បានជួបប្រទះនឹងគ្រោះជំនន់ទឹកភ្លៀងនៅដើមរដូវវស្សានេះ បណ្ដាលឱ្យប៉ះពាល់ស្រូវប្រមាណជាង៦ពាន់ហិកតា និងខូចខាតអស់ជាង៣ពាន់ហិកតា។ នេះបើតាមការឱ្យដឹងក្នុងសារាចរណែនាំស្ដីពីការថែទាំស្រូវរដូវវស្សាឆ្នាំ២០២២របស់ក្រសួងកសិកម្ម រុក្ខប្រមាញ និងនេសាទ។
ក្រៅពីបណ្ដាលឱ្យប៉ះពាល់ស្រូវប្រមាណ១ម៉ឺនហិកតានៅខេត្តបន្ទាយមានជ័យ និងត្បូងឃ្មុំ ភ្លៀងច្រើននៅដើមរដូវនេះ ក៏បានបណ្ដាលឱ្យការដាំដុះស្រូវវស្សាយឺតជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យឺតជាងឆ្នាំមុន ក៏ព្រោះតំបន់មួយចំនួនត្រូវលិចទឹកជោគជាំ មិនអាចឱ្យកសិករអាចភ្ជួររាស់ដីកើត។
យ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ ក្រសួងកសិកម្មបានឱ្យដឹងថាកសិករ បានសម្រេចការដាំដុះដំណាំស្រូវរដូវវស្សានេះ បានប្រមាណជាង៥សែនហិកតា ស្មើនឹង១៩ភាគរយ នៃផែនការជាង២លាន៦សែនហិកតា សម្រាប់រដូវវស្សា ឆ្នាំ២០២២។
ដើម្បីឱ្យផែនការដាំដុះស្រូវនេះសម្រេចបាន និងក្នុងស្ថានភាពដែលមានការគំរាមកំហែងដោយជំនន់ទឹកភ្លៀងនេះផង ក្រសួងកសិកម្មបានណែនាំឱ្យកសិករយកចិត្តទុកដាក់ពិនិត្យស្រែ និងត្រៀមលក្ខណៈរៀបចំដីស្រែ ជាពិសេសត្រូវបិទភ្លឺ និងបូមទឹកចេញពីក្នុងស្រែ ក្នុងករណីមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅដើមរដូវ។
ក្រសួងក៏បានផ្ដល់អនុសាសន៍ឱ្យកសិករចាប់ផ្ដើមដាំដុះស្រូវរដូវវស្សាពឹងទឹកភ្លៀងនៅតំបន់ខ្ពស់ ហើយដែលកសិករមានទម្លាប់ដាំដុះក្នុងខែកក្កដា ឬខែសីហា ប្រញាប់ប្រញាល់ដៃដុះ ព្រោះឆ្នាំនេះមិនមានកូនរដូវប្រាំងនោះទេ។ កូនរដូវប្រាំង គឺចន្លោះពេលមួយក្នុងខែវស្សា ដែលមិនមានភ្លៀងធ្លាក់៕
