ជនសង្ស័យរត់ពន្ធគ្រឿងញៀន ៨នាក់ ត្រូវបានសម្លាប់ ជាមួយនឹងថ្នាំញៀនប្រហែល ១លានគ្រាប់ ហើយថ្នាំញៀនទាំងនោះត្រូវបានរឹបអូស បន្ទាប់ពីការបាញ់ប្រហារគ្នានៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងខេត្តឈៀងរ៉ៃកាលពីយប់ថ្ងៃសុក្រ។

ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា ទាហានមកពីក្រុមការងារ Pha Muang ត្រូវបានបញ្ជូនទៅល្បាតនៅតំបន់ព្រំដែនក្នុងសង្កាត់ Mae Fa Luang បន្ទាប់ពីមានព័ត៌មានថា ក្រុមឈ្មួញគ្រឿងញៀន ប៉ុនប៉ងរត់​ពន្ធ​គ្រឿង​ញៀនពីភាគីមីយ៉ាន់ម៉ា។

ក្រោយមក ការល្បាតបានប្រទះឃើញមនុស្សប្រហែល ១០នាក់ កំពុងដើរតាមផ្លូវមួយនៅលើជួរភ្នំមួយនៅភូមិ Lisae ក្នុងឃុំ Mae Fa Luang​​។ ពួកគេមានប្រដាប់អាវុធ និង កាន់បាវ។

ទាហានបានចូលទៅជិតហើយបានសុំឲ្យបុរសទាំងនោះឈប់ដើម្បីសាកសួរ ប៉ុន្ដែជនសង្ស័យបានបើកការបាញ់ប្រហារបណ្ដាលឲ្យទាហាននៅព្រំដែនថៃបាញ់តបវិញ ដោយការបាញ់តបតគ្នាបានប្រើពេលប្រហែល ១០នាទី។

ខណៈនោះ មានក្រុមទាហានចំនួន ៨នាក់ បន្ថែមទៀត ត្រូវបានដាក់ពង្រាយដើម្បីឡោមព័ទ្ធតំបន់នោះ។ ពេលចុះឆែកឆេរនៅតំបន់នោះពេលព្រឹកព្រលឹម គេបានរកឃើញបាវដែលគេបោះចោលចំនួន ១១បាវ មានថ្នាំញៀនប្រភេទគ្រវី ប្រហែល ១លានគ្រាប់។ ចំណែកសារព័ត៌មានថៃ បានរាយការណ៍ថា មានបុរសចំនួន ៨នាក់ ត្រូវបានគេរកឃើញដេកស្លាប់នៅនឹងកន្លែងកើតហេតុជាមួយថ្នាំញៀនទាំងនោះ៕

ប្រភព៖ Bangkok Post

Share.