ប៉ូលីសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦នាក់ បានរងរបួសកាលពីយប់ថ្ងៃសៅរ៍ អំឡុងពេលមានការបាញ់ប្រហារគ្នាមួយនៅកណ្ដាលទីក្រុង Chattanooga រដ្ឋ Tennessee សហរដ្ឋអាមេរិក។

មេប៉ូលីសទីក្រុង Chattanooga លោកស្រី Celeste Murphy បានឲ្យដឹងនាថ្ងៃអាទិត្យសប្ដាហ៍មុននេះថា «ប៉ូលីសកំពុងល្បាតនៅទីប្រជុំជនខាងលើនៅម៉ោង ១០:៥៨នាទីយប់ (ម៉ោងក្នុងស្រុក) នៅពេលដែលពួកយើងបានឮសំឡេងកាំភ្លើង ភ្លាមៗយើងក៏បានព្យាយាមទៅកន្លែងផ្ទុះអាវុធនោះដើម្បីជួយសង្រ្គោះអ្នករងរបួស​»។

មេប៉ូលីសក្នុងតំបន់បានបន្ដទៀតថា «ពេលទៅដល់ទីតាំងកើតហេតុពួកយើងបានឃើញមនុស្សជាច្រើនបានរងរបួសដោយគ្រាប់កាំភ្លើង ដោយជនរងគ្រោះ ៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះមានជនរងគ្រោះ ២នាក់ បានរងរបួសធ្ងន់ធ្ងរដល់អាយុជីវិត។ ជនរងគ្រោះភាគច្រើនស្ថិតក្នុងវ័យជំទង់ ឬ មានអាយុក្បែរ ២០ឆ្នាំ ទាំងអស់»។

លោកស្រី Murphy បន្ដថា ក្រុមអ្នកស៊ើបអង្កេតកំពុងធ្វើការស៊ើបអង្កេតតាមរយៈវីដេអូសុវត្ថិភាព ដើម្បីព្យាយាមកំណត់អត្តសញ្ញាណជនសង្ស័យ និង កំណត់ពីអ្វីដែលជំរុញឲ្យមានអំពើហិង្សានេះកើតឡើង។

ក្នុងហេតុការណ៍នេះតាមរយៈកាមេរ៉ាសុវត្ថិភាព មន្រ្តីប៉ូលីសអាចកំណត់បានថា មានមនុស្ស ២ក្រុមចាប់ផ្ដើមប៉ះគ្នាទៅវិញទៅមក នៅក្នុងអ្វីដែលអាចបង្កឡើងឲ្យមានការផ្ទុះអាវុធ។ ដោយបុគ្គលដែលមានអាវុធ ២នាក់ មកពីក្រុម ១ បានចាប់ផ្ដើមបាញ់ទៅលើក្រុម១ទៀត។ លោកស្រី Murphy បានឲ្យដឹងដែរថា មានមនុស្សតែម្នាក់ក្នុងក្រុមដែលជាមុខសញ្ញាដែលពួកជនសង្ស័យចង់បាញ់ ហើយជនរងគ្រោះផ្សេងទៀតគឺមិនមែនជាមុខសញ្ញាគោលដៅដែលជនសង្ស័យចង់បាញ់ឡើយ។

ប៉ុន្ដែទោះជាយ៉ាងណាគេមិនបានបញ្ជាក់ឲ្យច្បាស់ពីករណីនេះទេ ខណៈដែលអភិបាលក្រុង Chattanooga បានហៅការបាញ់ប្រហារនេះថា ជារឿងគួរឲ្យសង្វេគ។

សូមជម្រាបថា សហរដ្ឋអាមេរិកត្រូវបានគេយកទៅប្រៀបធៀបនឹងប្រទេសដែលមានសិទ្ធិប្រើប្រាស់កាំភ្លើងដូចគ្នា ប៉ុន្ដែអាមេរិកមានឧក្រិដ្ឋកម្មកាំភ្លើងច្រើនជាងគេ ដោយថ្មីៗអាមេរិកកំពុងតែជួបប្រទះនឹងករណីបាញ់ប្រហារដ៏អាក្រក់ៗផ្ទួនៗគ្នា៕

ប្រភព៖ ABC News

Share.