
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យក្រុមការងារគណបក្សដែលស្ថិតក្នុងមុខតំណែងមុខងារសាធារណៈនៃសមត្ថកិច្ចក្រសួងមហាផ្ទៃ សហការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ ដែលចប់អាណត្តិ ឱ្យខិតខំបន្តនិរន្តរភាពការងារ និងការចូលរួមសហការរៀបចំការប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិថ្មីដែលកើតចេញពីការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ឱ្យបានត្រឹមត្រូវតាមកាលកំណត់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ។
ក្នុងពិធីសំណេះសំណាលមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា គ.២៧ នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលនាថ្ងៃអាទិត្យម្សិលមិញនេះ សម្ដេចក្រឡាហោមអនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានណែនាំឱ្មន្រ្តីត្រៀមលក្ខណៈសម្របសម្រួល ការចាត់ចែងផ្ទេរការងារដែលនៅសេសសល់ពីក្រុមប្រឹក្សាឃុំ សង្កាត់ចប់អាណត្តិ ទៅក្រុមប្រឹក្សាអាណត្តិថ្មី ចាត់ចែងបន្តឱ្យមានប្រសិទ្ធភាព និងការរៀបចំការងារនានាតាមបញត្តិច្បាប់ សម្រាប់ការចាប់ផ្ដើមបំពេញការងាររបស់ក្រុមប្រឹក្សាអាណត្តិថ្មីសម្រាប់បំរើផលប្រយោជន៍ប្រជាជាពលរដ្ឋ។
មាត្រា១៩នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ចែងថា ក្នុងអំឡុងពេល១៤ថ្ងៃ ក្រោយការប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោត ត្រូវចាត់ឱ្យមានការប្រជុំលើកដំបូងនៃក្រុមប្រឹក្សា ឃុំ សង្កាត់ ក្រោមអធិបតីភាពមន្រ្តីម្នាក់ដែលចាត់តាំងដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីប្រកាសសមាសភាពក្រុមប្រឹក្សា ឃុំ សង្កាត់ និងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ និងចៅសង្កាត់រង។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ។ មានគណបក្សនយោបាយ១៧បានដាក់បេក្ខជនចូលរួមប្រជែងយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងនោះមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះដាក់បេក្ខជនគ្រប់ឃុំ សង្កាត់។ យោងតាមប្រតិទិននៃការបោះឆ្នោតរបស់ គ.ជ.ប លទ្ធផលបឋមនៃការបោះឆ្នោតនឹងប្រកាសនៅថ្ងៃទី៥ ឬទី៦មិថុនា ខណៈលទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២៕



