ថ្វីត្បិតតែបទចម្រៀង «3Some» របស់ពូឃ្លាំងទទួលរងនូវការរិះគន់មួយចំនួនក្ដី ប៉ុន្តែបើក្រឡេកមើល MV ចម្រៀង «គ្រលាស់» ដែលជាបទច្រៀងគូជាមួយនឹងកញ្ញា សំណាង សូរិយា ឯណោះវិញ ឃើញថាផ្ទុះការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់ ព្រោះមិនទាន់ដល់១ខែផង ចំនួនទស្សនា MV នេះ កើនឡើងដល់ជាង៣លានដងទៅហើយ។

មួយរយៈនេះនៅលើបណ្ដាញសង្គមមានមតិរិះគន់ខ្លះបានលើកឡើងរិះគន់ចំពោះបទចម្រៀង «3Some» ពូឃ្លាំងថាមានលក្ខណៈសិចស៊ី និងស្រើបស្រាល ដែលអាចនឹងជាគំរូមួយមិនល្អសម្រាប់ក្មេងជំនាន់ក្រោយ។ ជាមួយនឹងពាក្យរិះគន់នេះ ក៏មានអេដមីនផេកគាំទ្រពូឃ្លាំង (Pou Khlaing Fan Club) បានចេញមកបកស្រាយ ពន្យល់ និងសំពងវាយបកទៅអ្នករិះគន់ពូឃ្លាំងបែបមិនទប់មាត់វិញភ្លាមៗផងដែរ។ អ្នកដែលគាំទ្រពូឃ្លាំង បានសរសើរបទចម្រៀង «3Some» ថាពីរោះ ប្លែក ភ្លេងវិញក៏ពីរោះ ស្ដាប់មិនចេះជិនណាយ។


ប៉ុន្តែបើក្រឡេកទៅមើលបទចម្រៀង «គ្រលាស់» ឬគេនិយមហៅថា «បទរង្គើ» របស់ពូឃ្លាំង វិញនោះ គឺមានការគាំទ្រនិងសាទរជាខ្លាំង ពីសំណាក់អ្នកស្ដាប់និងទស្សនាព្រោះបទចម្រៀងនេះប្រើរយៈពេលត្រឹមតែ២២ថ្ងៃប៉ុណ្ណោះមានចំនួនទស្សនាជាង៣លានដងទៅហើយ (3,058,666) គិតត្រឹមព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នេះ។
បទចម្រៀងនេះកំពុងតែផ្ទុះខ្លាំងព្រោះស្រីស្រស់ រ៉ាប៊ី តារាចម្រៀងជំនាញខាងរាំ បានកំពុងតែលើកយកបទចម្រៀងនេះទៅច្រៀងនិងថតបទរង្គើ នេះបង្ហោះខ្លីនៅលើ Tiktok រហូតហ្វេនៗអន្ទះសារចង់មើល full version គ្រប់គ្នា។

ហ្វេនបានលើកជាមតិសរសើរយ៉ាងច្រើនចំពោះបទចម្រៀងនិពន្ធថ្មីនេះថា៖ «អ្វីដែលស្មាន មិនដល់ ហើយអ្វីដែល រងចាំក៏ចេញមកផ្ទុះម៉ងងពូឃ្លាំង», «សរសេីរស្នាដៃថ្មីបទថ្មីតែអ្នកចម្រៀងចាស់ពូឃ្លាំង+សូរិយា អេមហួស❤️❤️❤️❤️❤️», «ពូឃ្លាំងmy ldol me❤❤តាំងពីតូច» , «អីយ៉ា ពូឃ្លាំង យើងមកវិញ ឡើងញាក់បោះគាត់ហ្មង ❤️❤️❤️»។
ខាងលើនេះគ្រាន់តែមតិលើកឡើងខ្លះពីអ្នកគាំទ្រដែលនិយមគាំទ្របទចម្រៀង «គ្រលាស់» របស់ពូឃ្លាំងនៅលើ Youtube មិនរាប់បញ្ចូលមតិពីហ្វេសប៊ុកផេករបស់ពូឃ្លាំង ដែលភាគច្រើនគឺសុទ្ធតែជាមតិវិជ្ជមានទាំងអស់៕
ទស្សនាបទចម្រៀង «គ្រលាស់» ទាំងស្រុងខាងក្រោមនេះ៖

