អ្វីដែលកំពុងភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីនេះ គឺវត្តមានរបស់គ្រូពេទ្យរូបសង្ហាមកប្រឡងចម្រៀង Cambodian Idol នាយប់មិញនេះ។

បេក្ខភាពគ្រូពេទ្យរូបសង្ហា មានឈ្មោះថា ស៊ីម ច័ន្ទពន្លឺ ហើយលោកធ្លាប់មានប្រវត្តិចូលប្រឡងចម្រៀង The Vioce Vieatnam ។ ក្រៅពីមានរូបរាងសង្ហា និងទឹកដមសំឡេងច្រៀងពីរោះហើយនោះ អ្វីដែលមហាជនសង្ស័យនាពេលនេះ គឺទំនាក់ទំនងលោកជាមួយតារាចម្រៀង យូរី តើត្រូវជាអ្វីនឹងគ្នា?

លោក ស៊ីម ច័ន្ទពន្លឺ នៅឆ្នាំនេះមាន អាយុ ២៨ ឆ្នាំ និងមានឈ្មោះហៅក្រៅថា ឌីណូ នេះតាមការលើកឡើងរបស់លោក ស៊ីម ច័ន្ទពន្លឺ បានរៀបរាប់ថា លោកមានស្រុកកំណើតនៅខេត្តតាកែវ និងបានទៅរៀនបន្តផ្នែកវេជ្ជសាស្ត្រនៅប្រទេសវៀតណាម។ លោកស្រឡាញ់ខាងសិល្បៈចម្រៀង និងតន្ត្រី ជាហេតុជំរុញឱ្យលោកចូលទៅប្រកួត ចម្រៀងនៅក្នុងកម្មវិធី The Vioce Vieatnam នៅឆ្នាំ២០១៨។ រហូតមកទល់សព្វថ្ងៃនេះ លោកអាចបកស្រាយបទចម្រៀងជាភាសា វៀតណាម និងអង់គ្លេសបានយ៉ាងល្អ។ គ្រាន់តែឈាងជើងចូលមកប្រកួតនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី ៤នេះ ស៊ីម ច័ន្ទពន្លឺ បានធ្វើឱ្យគណៈកម្មការ សុខ សីឡាលីន រំជើបរំជួលនឹងរូបរាងសង្ហារបស់លោក។



មុនពេលចូលមកប្រកួតក្នុងនៅកម្មវិធី Cambodian Idol រដូវកាលទី ៤ គេធ្លាប់ឃើញបេក្ខភាព ស៊ីម ច័ន្ទពន្លឺ ចេញមុខច្រៀងជាមួយតារាចម្រៀង យូរី តាមរយៈកម្មវិធីតន្ត្រីនានារបស់ហង្សមាស។

បើយើងក្រឡេកមកមើលវីដេអូសកម្មភាពចាស់ៗរបស់លោក ស៊ីម ច័ន្ទពន្លឺ ទើបគេបានដឹងថា លោកគឺជាដៃគូចម្រៀងជាមួយតារាចម្រៀង យូរី ហើយធ្លាប់ចេញមុខរួមគ្នានៅក្នុង MV របស់ផលិតកម្មហង្សមាសជាច្រើនបទដូចជា ៖ «រាំតោង » «សង្សារគេ Bro» និងបទ «នឹកលុយ»។ ជាមួយគ្នានោះដែរ លោក ស៊ីម ច័ន្ទពន្លឺ ក៏ធ្លាប់បង្ហាញមុខយ៉ាងស្និទ្ធស្នាលជាមួយ យូរី តាមរយៈកម្មវិធីតន្ត្រីនានារបស់ហង្សមាស ហើយមានពេលខ្លះលោកត្រូវបានអញ្ជើញជាតារាកិត្តិយសថែមទៀតផង ក្រោមការជ្រោមជ្រែងរបស់ យូរី។




យ៉ាងណាក្ដី ហ្វេនបានព្យាករណ៍ទុកថាបេក្ខភាព ស៊ីម ច័ន្ទពន្លឺ អាចនឹងមានពន្លឺរះជាតារាប្រុសរបស់ផលិតកម្មហង្សមាសមួយរូបទៀត បន្ទាប់ពីបញ្ចប់ការប្រឡងចម្រៀង ព្រោះលោកគឺជាបេក្ខភាពដែលមានរូបរាងសង្ហា និងពោរពេញទៅដោយសមត្ថភាពសិល្បៈ ៕
សូមទស្សនាវីដេអូ ៖

