នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង (DDC) បានបញ្ជាក់ថា ករណីសង្ស័យថាមានអ្នកកើតជំងឺអុតស្វា ៣ករណីនោះ តាមពិតជាជំងឺសើរស្បែក ឬ ពងបែក (Herpes)។

លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង (DDC) បាននិយាយនាថ្ងៃអាទិត្យនេះថា លទ្ធផលមន្ទីរពិសោធន៍ពីនាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្ត និង មជ្ឈមណ្ឌលវិទ្យាសាស្រ្តសុខាភិបាលស្ដីពីការលេចឡើងជំងឺឆ្លងនៃកាកបាទក្រហមថៃ នៅសាកលវិទ្យាល័យ Chulalongkorn បានបញ្ជាក់ថា ករណីសង្ស័យទាំងនេះមិនជាជំងឺអុតស្វានោះទេ។ រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លងជំងឺអុតស្វាត្រូវបានរកឃើញក្នុងប្រទេសនៅឡើយទេ។

មនុស្ស ៣នាក់ ដែលសង្ស័យថាកើតជំងឺអុតស្វា កំពុងសម្រាកព្យាបាលនៅវិទ្យាស្ថាន​ជំងឺ​ឆ្លង​ Bamrasnaradura។​ ការិយាល័យជំងឺរាតត្បាតរបស់ DDC នឹងធ្វើការបញ្ជាក់ដល់អ្នកសារព័ត៌មានជុំវិញបញ្ហានេះនៅល្ងាចថ្ងៃទី ៣០ ខែ ឧសភា នេះ។

លោកវេជ្ជបណ្ឌិត Opas បាននិយាយថា នរណាម្នាក់ដែលមានស្ថានភាពស្រដៀង នឹងការឆ្លងមេរោគអុតស្វា នឹង ត្រូវបានពិនិត្យរកជំងឺនេះ។ វិធានការទប់ស្កាត់ ត្រួតពិនិត្យសុខភាពសាធារណៈនៅអាកាសយានដ្ឋាននឹងដាក់បញ្ជូលទាំងនីតិវិធីត្រួតពិនិត្យកម្រិតខ្ពស់ផងដែរ។

វេជ្ជបណ្ឌិត Opas បានបន្ដថា «ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានដំបូងបង្ហាញថា ការឆ្លងមេរោគអុតស្វាមិនងាយឆ្លងរាលដាល ដូចជាជំងឺកូវីដ១៩ នោះទេ។ ការឆ្លងអាចមានកាលណាដែលបុគ្គលនោះមានភាពជិតស្និទ្ធខ្លាំងជាមួយបុគ្គលដែលមានរោគសញ្ញាប៉ុណ្ណោះ»។

ទន្ទឹមនោះ លោកវេជ្ជបណ្ឌិត Suprakit Jiraratwattana នៃវិទ្យាស្ថានសើរស្បែកនៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្តបាននិយាយថា ជំងឺអុតស្វាអាចឆ្លងតាមរយៈខ្យល់ចម្ងាយ ១ម៉ែត្រ ហើយលទ្ធផលនៃការឆ្លងផ្សេងទៀតអាចបណ្ដាលមកពីការបរិភោគសាច់ឆៅដែលចម្អិនមិនទាន់ឆ្អិន ឬ ប៉ះពាល់ផ្ទាល់ជាមួយសាច់ដែលមានមេរោគ ជាពិសេសអ្នកដែលរៀបចំសាច់ឆៅ។

ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត Opas បានបន្ថែមថា ជាធម្មតាអ្នកជំងឺកើតអុតស្វាអាចជាសះស្បើយក្នុងរយៈពេលពី ២ ទៅ ៤សប្ដាហ៍ ប្រសិនបើពួកគេមិនវិវត្តទៅជាជំងឺអន្តរកម្មដូចជា រលាកខួរក្បាល រលាកសួតជាដើម៕

ប្រភព៖ Bangkok Post

Share.