កំពង់ស្ពឺ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ ជិះម៉ូតូហុងដាឌ្រីមទៅបុកជាមួយរថយន្តដឹកប្រេង បើកច្រាសទិសគ្នា កាលពីព្រលប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះមានឈ្មោះ ទឹម ម៉ាប់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិគិរីរស្មី ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1S-1933 ពីកើតទៅលិច ដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តដឹកប្រេង ម៉ាកនីសាន់ ពណ៌ខៀវ ស ពាក់ស្លាកលេខ ភ្នំពេញ 3A-6147 បើកច្រាសទិសគ្នា បណ្តាលឲ្យស្លាប់នៅកន្លែង ចំណែកម៉ូតូដាច់តួរជាពីរកំណាត់ ភ្លាមៗអ្នកបើកបររថយន្តឃើញសភាពមិនស្រួលចុះគេចខ្លួនបាត់។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.