Daniel Issac Marquez ជាក្មេងប្រុសអាយុ ១០ឆ្នាំ រៀនថ្នាក់ទី៥ នៅរស់នៅរដ្ឋ Florida ម្នាក់ ត្រូវបានចាប់ខ្លួននាថ្ងៃ សៅរ៍ (ថ្ងៃក្នុងស្រុក) ពីបទគំរាមកំហែងជាលាយលក្ខណ៍អក្សរ ដើម្បីធ្វើការបាញ់ប្រហារដ៏ធំ។
ប៉ូលីសបាននិយាយថា នៅពេលដែលជនសង្ស័យជាអនីតិជន និង ជាសិស្សនៅសាលាបឋមសិក្សា Patriot នៅទីក្រុង Cape Coral រដ្ឋ Florida ត្រូវបានចោទប្រកាន់ថាបានផ្ញើសារគំរាមកំហែងនោះ ក្រុមអនុវត្តការគំរាមកំហែងរបស់សាលាបានជូនដំណឹងភ្លាមៗ ដើម្បីចាប់ផ្ដើមការស្រាវជ្រាវ និង វិភាគ។

យោងតាមការិយាល័យតម្រួតតំបន់ Lee County Sheriff Carmine Marceno បានឲ្យដឹងថា «អាកប្បកិរិយារបស់ក្មេងប្រុសនេះមិនអាចទទួលយកបបាននោះទេ ជាពិសេសបន្ទាប់ពីអាមេរិកទើបតែជួបរឿងសោកនាដកម្មថ្មីៗនេះ នៅទីក្រុង Uvalde រដ្ឋ Texas»។

ហេតុការណ៍នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយក្រុមប្រឆាំងការគំរាមកំហែងសាលា និងផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មសេវាកម្មយុវជន។
នេះជាលើកទី២ហើយ ក្នុងរយៈពេល១សប្តាហ៍ ដែលសហគមន៍ Cape Coral មានការគំរាមកំហែងប្រើអំពើហិង្សាលើសាលារៀន។ ខណៈកាលពីថ្ងៃទី ២៦ ខែ ឧសភា ស្រ្តីម្នាក់ឈ្មោះ Tracy Carter បានគំរាមបំផ្ទុះគ្រាប់បែក ក្នុងពិធីជប់លៀងបញ្ចប់ការសិក្សានៅវិទ្យាល័យមួយកន្លែង៕

