មន្រ្តីការពារជនស៊ីវិលបាននិយាយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះថា ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅភាគឥសាន្ដប្រទេសប្រេស៊ីល បានបណ្ដាលឲ្យមនុស្សយ៉ាងតិច ៧៩នាក់ ស្លាប់ និង រាប់សិបនាក់បាត់ខ្លួន ខណៈក្រុមជួយសង្រ្គោះនៅតែបន្ដស្វែងរកអ្នកនៅរស់រានមានជីវិតពីគ្រោះមហន្តរាយធម្មជាតិនេះ។

អាជ្ញាធរការពារជនស៊ីវិលនៃរដ្ឋ Pernambuco ជាកន្លែងដែលរងផលប៉ះពាល់ បានឲ្យដឹងថា គិតត្រឹមម៉ោង ៦:០០ល្ងាច (ម៉ោងក្នុងស្រុក) ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់បានកើនឡើងដល់ជិត ៨០នាក់។

គ្រោះមហន្ដរាយនេះ គឺជារឿងចុងក្រោយបង្អស់នៃការរអិលបាក់ដី និង ទឹកជំនន់ ដែលបង្កឡើងដោយអាកាសធាតុធ្ងន់ធ្ងរនៅក្នុងប្រទេសប្រេស៊ីលនាពេលថ្មីៗនេះ។ ចំនួនអ្នកស្លាប់ និង អ្នកបាត់ខ្លួន បានកើនឡើងជាបន្ដបន្ទាប់កាលពីចុងសប្ដាហ៍ ដោយសារតែទឹកទន្លេរឡើងខ្ពស់ បង្កជាទឹកជំនន់ហូរហៀរ និង បោកបក់បំផ្លាញអ្វីៗគ្រប់បែបយ៉ាង។

សេចក្តីថ្លែងការណ៍ចុងក្រោយបង្អស់របស់អាជ្ញាធរការពារស៊ីវិល មិនបានផ្តល់នូវបច្ចុប្បន្នភាពអំពីចំនួនមនុស្សបាត់ខ្លួននោះទេ ថ្វីបើទីភ្នាក់ងារនេះបានរាយការណ៍ថា មនុស្សចំនួន៥៦នាក់ នៅតែរកមិនទាន់ឃើញ និងជិត ៤០០០ នាក់ត្រូវបាត់បង់ផ្ទះសម្បែងក៏ដោយ។

ទោះជាយ៉ាងណាលោក Paulo Camara អភិបាលខេត្ត Pernambuco បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «យើងមិនទាន់ទទួលបានចំនួនអ្នកបាត់ខ្លួនពិតប្រាកដនោះទេ ប៉ុន្ដែយើងនឹងបន្ដស្វែងរក និង បន្ដកំណត់អត្តសញ្ញាណអ្នកបាត់ខ្លួនទាំងអស់»៕

ប្រភព៖ France24

Share.