
ស្ថិតក្នុងវ័យ៣៨ឆ្នាំ លោក ហ៊ីង ស៊ីថា បានឈរជាបេក្ខជនមេឃុំកំពង់ព្រះ នៃគណបក្សប្រជាជនកម្ពុជា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាឃុំកំណើតរបស់លោក។ បេក្ខជនមេឃុំវ័យក្មេងរូបនេះ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ជំនាញនីតិសាស្រ្តនៅសាកលវិទ្យាល័យមួយក្នុងខេត្តបាត់ដំបង និងបានចូលប្រឡូកក្នុងការងារសង្គមរហូតចាស់ទុំគណបក្សប្រជាជនកម្ពុជាលើកទឹកចិត្តឱ្យឈរឈ្មោះជាបេក្ខជនមេឃុំ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។
លោក ហ៊ីង ស៊ីថា បានប្រាប់គេហទំព័រត្រយងនៅថ្ងៃទី៣០ ខែឧសភានេះ ដោយរំលឹកអំពីជីវិតគ្រួសារ និងការសិក្សារបស់លោកថា«គ្រួសារខ្ញុំមិនធូរធាទេ ព្រោះខ្ញុំមានបងប្អូនដល់ទៅ៩នាក់ ឪពុកម្ដាយខ្ញុំលំបាកណាស់ក្នុងការប្រឹងប្រែងឱ្យកូនរៀនសូត្រ។ ខ្ញុំបានប្រឡងជាប់ស្វ័យរិននៅវិទ្យាល័យនេតយ៉ង ក្រោយផ្អាកការសិក្សាមួយរយៈ។ ខ្ញុំបានអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន ១០០ភាគរយពីក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ទើបខ្ញុំមានឱកាសបានបន្តតស៊ូរហូតរៀនចប់ថ្នាក់បរិញ្ញាបត្រច្បាប់នៅសាកលវិទ្យាល័យក្នុងខេត្តបាត់ដំបងនេះ»។

នៅពេលលើកឡើងពីបុព្វហេតុនាំឱ្យលោកសម្រេចចិត្តចូលប្រឡូកក្នុងឆាកនយោបាយកម្រិតឃុំ សង្កាត់ លោក ហ៊ីង ស៊ីថា ដែលប្រជាជនឃុំកំពង់ព្រះស្គាល់ច្បាស់តាមរយៈសកម្មភាពសង្គមកន្លងមកនោះ បានអះអាងបន្ថែមក្នុងន័យដើមថា«មែនទែនទៅគឺបានចាស់ទុំដែលណែនាំ ខ្ញុំបានចូលរួមធ្វើសកម្មភាពជួយសង្គមជាមួយពួកគាត់ ពួកគាត់បានជំរុញទឹកចិត្តខ្ញុំឱ្យធ្វើមេឃុំ ហើយខ្ញុំក៏មានក្ដីប្រាថ្នាចូលរួមបំរើជាតិ បំរើប្រជាជន ម្យ៉ាងខ្ញុំក៏ចង់តបស្នងសងគុណសម្ដេចតេជោនិងគណបក្សដែលជួយឱ្យខ្ញុំបានរៀនសូត្ររហូតចប់បរិញ្ញាបត្រច្បាប់ ដូច្នេះខ្ញុំចង់យកចំណេះដឹងនេះមកបំរើប្រជាជនឱ្យបានល្អដើម្បីជាការតបស្នង»។
នៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតចំនួន៤គណបក្ស។ ក្រៅពីគណបក្សប្រជាជនកម្ពុជាដែលមានលោក ហ៊ីង ស៊ីថា ជាបេក្ខជនមេឃុំនោះ ក៏មានដែរគណបក្សហ៊ិនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សភ្លៀងទៀន។ ឆ្លើយនឹងសំណួរថាតើបេក្ខជនគណបក្សផ្សេងទៀតមានកម្រិតវប្បធម៌បរិញ្ញាបត្រដូចខ្លួន ឬយ៉ាងណា? លោក ស៊ីថា បានអះអាងថាលោកផ្ទាល់យល់ថាធនធានមកពីគណបក្សនីមួយៗសុទ្ធតែមានការចេះដឹង និងបទពិសោធន៍ ដោយលោកបន្តថា«ពួកគាត់នៅបក្សផ្សេងទៀតក៏បានរៀនសូត្រដែរ ព្រោះប្រទេសយើងវិស័យអប់រំមានសម្រាប់គ្រប់គ្នា មិនថាគណបក្សណានោះទេ កូនចៅប្រជាពលរដ្ឋសុទ្ធតែបានរៀនសូត្រ។ បើពួកគាត់អាចជាប់ឆ្នោតក្រុមប្រឹក្សាជាមួយខ្ញុំ ខ្ញុំក៏រីករាយសហការធ្វើការជាមួយគ្នាដែរ។ ខ្ញុំមានជំនឿថាពលរដ្ឋពួកគាត់ស្គាល់ខ្ញុំច្បាស់ និងជឿជាក់លើគណបក្សប្រជាជនកម្ពុជា»។

សម្រាប់ផ្ទៃក្នុងនៃគណបក្សប្រជាជនកម្ពុជាក្នុងឃុំកំពង់ព្រះវិញ លោក ហ៊ីង ស៊ីថា ដែលស្ថិតក្នុងចំណោមយុវជនកើតក្រោយសម័យខ្មែរក្រហម បានទទួលស្គាល់ថាលោកត្រូវការជាចាំបាច់ការរៀនសូត្របន្ថែមពីចាស់ទុំក្នុងជួរគណបក្សរបស់លោក ទោះពួកគាត់ជាបេក្ខជនលំដាប់ក្រោយលោកក៏ដោយ។ ជាយុវជនគណបក្សប្រជាជនម្នាក់មានទាំងចំណេះ វោហារសព្ទ និងច្រៀងពិរោះផងរូបនេះ សមាជិកក្រុមការងារក្រឡាហោមនុស្សធម៌បាត់ដំបង រូបនេះ បានលើកឡើងថា«ជាទូទៅ ខ្ញុំបានទទួលការណែនាំពីចាស់ទុំច្រើន ខ្ញុំធ្វើការច្រើនឆ្នាំហើយជាមួយពួកគាត់ ពួកគាត់ប្រឡូកការងារមូលដ្ឋាននេះច្រើនជាងយើងទៅទៀត។ ខ្ញុំនឹងស្ដាប់ការណែនាំរបស់ពួកគាត់ ហើយយើងសហការគ្នាដើម្បីបំរើពលរដ្ឋឱ្យបានល្អ និងលើកតម្កើងកិត្យានុភាពជូនគណបក្សរបស់យើង»៕

