ក្រោយកម្មវិធី Cambodian Idol បានបង្ហាញបេក្ខជនដែលជាគ្រូពេទ្យរូបសង្ហាម្នាក់មកចូលរួមក្នុងកម្មវិធីរហូតធ្វើឱ្យទាំង Coach សុខ សីឡាលីន និងហ្វេនជានារីៗនាំគ្នាជ្រើមជ្រួល បបួលគ្នាឈឺទៅពេទ្យនោះស្រាប់តែមានបុរសម្នាក់ខមមិនសម្ដីចុកឈាមបាញ់ចំៗចំពោះស្រីៗដែលនាំគ្នាបបួលគ្នាឈឺនោះមិនញញើតមាត់។

ប៉ុន្មានថ្ងៃមកនេះនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ផ្ទុះការជជែកវែកញែកនិងចែករំលែកបន្តគ្នាយ៉ាងគគ្រឹកគគ្រេងព្រោះតែនារីៗមួយចំនួនដែលបានទស្សនាកម្មវិធី Cambodian Idol រួចនោះស្រាប់តែបាក់ចិត្តលង់នឹងរូបរាងដ៏សង្ហារបស់បេក្ខជន ស៊ីម ច័ន្ទពន្លឺ ហៅឌីណូ។ បេក្ខជនជាវេជ្ជបណ្ឌិតសិក្សានៅប្រទេសវៀតណាមរូបនេះ ក្រៅពីមានរូបរាងសង្ហាហើយនោះ សំឡេងរបស់លោកក៏ពីរោះគួរឱ្យទាក់ទាញចិត្តរហូតទទួលបាន Yes 4 ពីគណៈកម្មការទាំង ៤រូប មាន លោក ណុប បាយ៉ារិទ្ធិ លោក ឆន សុវណ្ណារាជ អ្នកនាង ឱក សុគន្ធកញ្ញា និង កញ្ញា សុខ សីឡាលីន។
ដោយឡែកភាពសង្ហារបស់បេក្ខជន ស៊ីម ច័ន្ទពន្លឺ ថ្វីត្បិតតែទាក់បានបេះដូងនារីៗជាច្រើនរហូតស្រីៗបបួលគ្នាឈឺពេញបណ្ដាញសង្គមពិសេសនៅលើផេក Kampuchea Idol Fan ស្រាប់តែមានខមមិនរបស់បុរសម្នាក់បានបញ្ចេញមតិរបស់លោកថា៖ «សំណាងហើយប៉ិនឹងគាត់ធ្វើពេទ្យ មានអ្នកចង់ឈឺភ្លូកទឹកភ្លូកដី បើគាត់អ្នកធ្វើមឈូសវិញ មិនដឹងសម្បូរអ្នកចង់ស្លាប់ម៉េចទៅ?»

បន្ទាប់ពីបុរសខាងលើបានខមមិនដូច្នេះហើយក៏មានអ្នកចូលមកគាំទ្រចំពោះអ្វីដែលជាមតិលើកឡើងរបស់លោក យ៉ាងណាមិញមិនមែនគ្រប់គ្នាសុទ្ធតែយល់ស្របនោះទេ ព្រោះមានអ្នកខ្លះយល់ថាអ្វីដែលលោកបាននិយាយនោះគឺកើតចេញពីចិត្តច្រណែនចំពោះភាពសង្ហារបស់បេក្ខជន ស៊ីម ច័ន្ទពន្លឺ។ ប៉ុន្តែបុរសរូបនោះបានបកស្រាយពន្លឺទៅវិញថា «ឃើញគេស្អាតច្រណែន? ហេតុអីយកចិត្តថោកទាបរបស់អ្នកមកស្មាន ប្រៀបធៀបនឹងចិត្តអ្នកដទៃ ព្រះពុទ្ធសម្ដែងថា កាយរបស់យើងនេះគឺសុទ្ធតែជាគ្រឿងសៅហ្មងទេ កុំឈ្លក់វង្វេងអី មានតែចិត្តល្អបរិសុទ្ធដែលជាទីដែលស្អាតផូរផង់គួរជាទីប្រតិបត្តិ។ យល់?»


បើក្រឡេកទៅមើលចំនួនចុច Like ឬមេដៃផ្ដល់ឱ្យចំពោះខមមិនរបស់បុរសខាងលើនេះក៏មានច្រើនគួរសមដែរព្រោះមានគណនីចំនួន 555 បានចុចផ្ដល់ការពេញចិត្តចំពោះពាក្យដែលលោកឡើងនោះ។

លោក ស៊ីម ច័ន្ទពន្លឺ គឺជាដៃគូចម្រៀងតារាចម្រៀង យូរី ហើយធ្លាប់ចេញមុខរួមគ្នានៅក្នុង MV របស់ផលិតកម្មហង្សមាសជាច្រើនបទដូចជា ៖ «រាំតោង » «សង្សារគេ Bro» និងបទ «នឹកលុយ» ជាដើម៕
សូមទស្សនាវីដេអូ Top News ៖
អត្ថបទទាក់ទង៖

