ជាការពិតណាស់ មិនមែនតែហ្វេន ឬអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និង TikTok ទេ ដែលមិនសូវពេញចិត្តចំពោះទង្វើស៊ីស្បែកជើងជ័ររបស់ចែអំបិលម្ទេស សូម្បីតែលោកជំទាវ ហ៊ុន ស៊ីណាត ក៏មានប្រសាសន៍មិនពេញចិត្តចំពោះទង្វើនេះដែរ ព្រោះវានាំឱ្យអាប់ឱនដល់មុខមាត់ប្រទេសជាតិ ដែលគេសម្លឹងឃើញថា តើប្រទេសកម្ពុជាមិនមានអ្វីបរិភោគឬ បានជានាងទៅស៊ីស្បែកជើងបែបនេះ?
ក្នុងរឿងនេះ លោក ហ៊ុន ស៊ីណាត បានលើកយកមកនិយាយនៅក្នុងការ Live នាពេលថ្មីៗនេះ ឱ្យមហាជនបានដឹងថា ជារឿងមិនល្អដែលកំពុងសាយភាពពេញបណ្ដាញសង្គម។

លោកជំទាវ ហ៊ុន ស៊ីណាត មានប្រសាសន៍លើកឡើងថា ៖ «…សុំនិយាយបន្តិច! ប៉ុន្មានថ្ងៃហ្នឹង វាមានបញ្ហាកើតឡើង ខ្ញុំតាមមើលលើហ្វេសប៊ុក រឿងបញ្ហាអ្នកស៊ីស្បែកជើង អ្នកដែលសម្ដែងយក Views យក Like មេត្តាកុំថ្នាក់ដល់ស៊ីស្បែកជើងអីនាង អើយនាង។ ខ្ញុំឃើញថៃចុះផ្សាយ ហើយយើងនេះ រហូតដល់ប្រទេសកម្ពុជាមួយទាំងមូល វាមិនដែលដល់ថ្នាក់អត់អីស៊ី រហូតដល់ស៊ីស្បែកជើងនាងអើយនាង។…នាងអើយនាង ស៊ីអីផ្សេងទៅអ្ហៃ កុំព្រោះតែចង់បាន Views ចង់បាន Like ធ្វើអាក្រក់ដល់ប្រទេសជាតិ បង្អាប់បន្ទោកដល់ប្រទេសជាតិអ្ហា! …មេមួយហ្នឹងនៅខេត្ត? ….ដូចឃើញយូរហើយឃើញមិនឈប់ហ្មង…ហើយមិនដឹងថាក្រសួងពាក់ព័ន្ធហ្នឹងគេគិតម៉េច? នាងបង្អាប់បន្ទោសរហូតដល់ប្រទេសខ្មែរ ….»។

ជាមួយគ្នានោះដែរ គេក៏បានឃើញអ្នកលេងបណ្ដាញសង្គមចូលមកគាំទ្រប្រសាសន៍លោកជំទាវ ចំពោះសារដាស់តឿនក្នុងគោលបំណងមិនចង់ឱ្យមានទង្វើបំពុលសង្គមបែបនេះកើតឡើង។ ចុះអ្នកទាំងអស់គ្នាវិញ គិតបែបណាចំពោះបញ្ហានេះ?
ដោយឡែក រហូតមកទល់ព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ សារព័ត៌មានត្រយងមិនអាចទាក់ទងនារីអំបិលម្ទេស ដែលមានឈ្មោះហ្វេសប៊ុក Jin Su ដើម្បីសុំការសម្ភាសន៍បាននៅឡើយទេ។ សារព័ត៌មានត្រយងនឹងព្យាយាមសុំការសម្ភាសន៍ពីនាង ដើម្បីជម្រាបដំណឹងជូនមហាជនបន្តទៀត៕

