
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថាជាការពិតគណបក្សប្រជាជនកម្ពុជា ធ្លាប់មានប្រវត្តិឡើងកាន់អំណាចដោយដោយការធ្វើសង្គ្រាម។ ការថ្លែងពីឥស្សរជនលំដាប់កំពូលនៃគណបក្សកាន់អំណាចបែបនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយអាជីវករ ពាណិជ្ជករ សហគ្រិនវ័យក្មេង និងក្រុមការងារគ្រីស្ទបរិស័ទដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបងជិត២ពាន់នាក់នៅសាលមហោស្រពសង្កែ ខេត្តបាត់ដំបងកាលល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ។
បើតាមសម្ដេចក្រឡាហោម ស ខេង សង្គ្រាមនោះគឺសំដៅដល់សង្គ្រាមផ្ដួលរំលំរបបខ្មែរក្រហម និងថាការយកសង្គ្រាមជាមធ្យោបាយនេះក៏ព្រោះតែការគ្មានជម្រើសក្នុងការឈានទៅបញ្ចប់របបដ៏ឃោរឃៅព្រៃផ្សៃដើម្បីសង្គ្រោះ និងរំដោះប្រជាជន។ «ប៉ុន្តែថ្នាក់ដឹកនាំគណបក្សបានធ្វើកំណែទម្រង់ដោយផ្ដល់តម្លៃដល់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស រហូតចរចាបង្កើតបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឈានទៅរៀបចំការបោះឆ្នោតជាលើកដំបូងនៅឆ្នាំ១៩៩៣ រហូតមានការបោះឆ្នោតជាបន្តបន្ទាប់»។
មានប្រសាសន៍រំលឹកដល់សង្គ្រាមពីអតីតកាល សម្ដេច ស ខេង បានទាញចំណាប់អារម្មណ៍អង្គពិធីអំពីគុណតម្លៃសុខសន្តិភាពដែលបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខ សេដ្ឋកិច្ចជាតិមានការរីកចំរើនជាលំដាប់ ពិសេសធ្វើឱ្យពលរដ្ឋរស់នៅដោយគ្មានការព្រួយបារម្ភអំពីការប្រយុទ្ធគ្នាក្នុងសមរភូមិដូចអតីតកាល។ អតីតកាលដែលសម្ដេចអះអាងថា«បានធ្វើឱ្យប្រជាជនធ្លាក់ក្នុងភ្លើងសង្គ្រាម ស្លាប់ របួស ពិការភាព បែកបាក់គ្រួសារ និងប្រទេសជាតិត្រូវរងការបំផ្លិចបំផ្លាញ់គ្រប់វិស័យ»៕

