ហាងកាត់សំលៀកបំពាក់កម្ពុជា បានលួចយកស្នាដៃរាហ៊ូចាប់ច័ន្ទរបស់សិល្បករ ទៅកាត់ជាឈុតសំលៀកបំពាក់ឱ្យបវរកញ្ញាប្រកួត Miss Universe Cambodia 2022 ដល់ពេលម្ចាស់គេទាមទារស្រាប់តែត្រូវតបវិញឥតញញើត។ នេះគឺជាខ្លឹមសារដែលសារព័ត៌មានថៃបានចុះផ្សាយនៅលើវែបសាយរបស់គេ។

បើយោងតាមសារព័ត៌មានថៃចំនួន៣មាន Khaosod, Kapook និង TheJoi បានផ្សព្វផ្សាយថាហ្វេសប៊ុកថៃម្នាក់ឈ្មោះ ฐิติ เกตุธรรม (ធិទិ កេតថាំ) បានផុសស្នាដៃ រាហ៊ូចាប់ច័ន្ទរបស់ខ្លួន ជាមួយនឹងរូបភាពដកស្រង់ពីផេកបវរកញ្ញា Team Cambodia ដែលបានបង្ហោះរូបភាពបេក្ខនារីប្រកួតបវរកញ្ញា Miss Universe Cambodia 2022 ពាក់ឈុតដែលចម្លងល្មើសកម្មសិទ្ធិបញ្ញារបស់ខ្លួនថា « មិនសួរឯងមួយម៉ាត់ ឬនិយាយគ្នាម្នាក់មួយភាសា ខ្ញុំអាចទាមទារសិទ្ធិអីបានខ្លះទេ? ជួយចែករំលែកឱ្យច្រើន ធ្វើឱ្យវាអាម៉ាសមុខទៅ #យ៉ាប់ណាស់»
សារព័ត៌មានថៃក៏បានបន្ថែមទៀតមានប្រជាពលរដ្ឋកម្ពុជាជាច្រើនបាននាំគ្នាចូលទៅ ខមមិន បែបអុកឡុកចំពោះការលើកឡើងរបស់លោក ធិទិ កេតថាំ នោះ។ ក្រោយមកផេកធំរបស់ថៃដូចជា โบราณนานมา (បុរាណយូរមកហើយ) បានចេញមកផុសទាមទារឱ្យអាជ្ញាធរថៃការពារនិងចាត់ការចំពោះហាងសំលៀកបំពាក់កម្ពុជាដែលចម្លងតាមម៉ូដរាហ៊ូចាប់ច័ន្ទរបស់សិល្បករថៃ។

ក្នុងខ្លឹមសារព័ត៌មាននោះក៏បានដៀមដាមដែរថា ដំបូងគេស្មានតែខាងកម្ពុជាយើងនឹងចេញមករិះគន់ចំពោះជនជាតិខ្លួន ដែលទៅចម្លងស្នាដៃនិងល្មើសកម្មសិទ្ធិបញ្ញាអ្នកដទៃ ប៉ុន្តែអ្វីៗស្រាប់តែផ្ទុយស្រឡះប្រជាជនកម្ពុជាបែរជាមិនភ្ញាក់រលឹកហើយថែមទាំងនាំគ្នាមកអុកឡុកម្ចាស់ស្នាដៃជនជាតិថៃទៅវិញ សមតែមានចំណាត់ការខ្លះ យ៉ាងហោចគួរតែចេះភ្ញាក់រលឹកហើយសុំទោសក៏គ្រាន់បើដែរ។
រឿងរ៉ាវខាងលើនេះត្រូវបានសារព័ត៌មានថៃផ្សាយដែរថា ផ្នែកការពារសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មថៃបានចូលមកComment ថាករណីនេះក្រសួងបានដឹងហើយ ហើយក្រសួងបានផ្ដល់ភាពសំខាន់យ៉ាងខ្លាំងដើម្បីការពារ និងដោះស្រាយកម្មសិទ្ធបញ្ញារបស់ជនជាតិថៃដែលត្រូវបរទេសល្មើសស្នាដៃ ហើយក្រសួងក៏កំពុងតែប្រញាប់ដំណើរការទំនាក់ទំនងទៅកាន់ក្រសួងឬស្ថាប័នកម្ពុជាដើម្បីរួមគ្នាដោះស្រាយបញ្ហាដែលកើតឡើងនេះឱ្យបានឆាប់រហ័សជាទីបំផុត។

ចំពោះករណីខាងលើនេះសារព័ត៌មានត្រយងបានព្យាយាមទំនាក់ទំនងទៅកាន់ IRIS Cambodia ដែលជាប្រូម៉ូតផ្សព្វផ្សាយឈុតនេះ ដើម្បីសុំការបកស្រាយ និងឆ្លើយតប តាមរយៈសារអេឡិចត្រូនិក ប៉ុន្តែមិនមានការឆ្លើយតបខណៈដែលរូបភាពនោះ បានលុបចេញពីផេកបាត់ទៅហើយ៕

