កោះកុង ៖ នារី២នាក់បានស្លាប់ពេលដឹកបញ្ជូនដល់មន្ទីរពេទ្យ ចំណែក៣នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្តដឹកទំនិញ បើកលឿនលើស្ថានភាពផ្លូវកោង ជ្រុលទៅបុករថយន្ត ឡិចសុីសRX300 ច្រាសទិស ក្រឡាប់ទាំង២គ្រឿង កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវលេខ៤៨ ស្ថិតក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ភាគីរថយន្តដឹកទំនិញ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក លេខ ស្វាយរៀង 3A-1769 អ្នកបើកបររត់គេចខ្លួនក្រោយកើតហេតុ តែបន្សល់ទុកឯកសារ កាត អត្តសញ្ញាណប័ណ្ណ មានឈ្មោះ ផាន ស៊ាងឡេង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម។មុនពេលកើតហេតុរថយន្ត បានបើកពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវកោង ម្យ៉ាងរថយន្តបើកលឿន ទើបជ្រុលចង្កូតទៅបំណែកផ្លូវម្ខាងទៀត ទៅបុកចំពីមុខរថយន្តឡិចសុីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2P-2636 ជិះគ្នា៥នាក់ ជាលក្ខណៈគ្រួសារ បណ្តាលឲ្យរងរបួសធ្ងន់៤នាក់ ស្រាល១នាក់។ ជាអកុសលនារី២នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ រថយន្តក្រឡាប់ទាំង២គ្រឿង រីឯអ្នកបើកបរបង្ករបួសស្រាលបានគេចខ្លួនបាត់ ។

សមត្ថកិច្ចបន្តទៀតថា ជនរងគ្រោះទាំង៥នាក់ ជិះក្នុងរថយន្តឡិចសុីសរួមមាន ៖ ទី១ ឈ្មោះឈួន សុភ័ក្ត្រ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ជាអ្នកបើកបររថយន្ត រងរបួសស្រាល ។ ទី២ ឈ្មោះភ័ក្ត្រ ចរិយា ភេទស្រី អាយុ១៧ឆ្នាំ ត្រូវជាកូន (ស្លាប់) ។ ទី៣ ឈ្មោះឈួន លីហ៊ួ ភេទប្រុស អាយុ០៤ឆ្នាំ ត្រូវជាកូនរងរបួសធ្ងន់ ។ ទី៤ ឈ្មោះឈួន គឹមលាង ភេទស្រីអាយុ៦ឆ្នាំ ត្រូវជាកូន រងរបួសធ្ងន់ ហើយអ្នកទាំងពីរត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។ ទី៥ ឈ្មោះ ឡុង ហ៊ួយ ភេទស្រី អាយុ២៧ឆ្នាំ ត្រូវជាប្អូនថ្លៃ (ស្លាប់) ។

ក្រោយកើតហេតុ សមត្ថកិច្ចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖តាតុង សែនជ័យ
