ភ្នំពេញ៖ ជិះម៉ូតូឌុបគ្នា២នាក់ ត្រូវបានរថយន្តមិនចាំម៉ាកមួយគ្រឿង បុកចំពីមុខពេញទំហឹង បណ្ដាលឲ្យហោះផ្លោងបោកក្បាលស្លាប់ម្នាក់នៅកន្លែងកើតហេតុ ឯម្នាក់ទៀតរងរបួស។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១១ៈ១០នាទីយប់ថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២២ ត្រង់ចំណុចស្តុបផ្លូវបំបែកជាបួន វត្តមហាមន្ត្រីស្ថិតតាមបណ្ដោយផ្លូវមហាវិថីព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យបានដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរស ២ នាក់ជិះម៉ូតូម៉ាកHonda Clickមួយគ្រឿង ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HJ-0074 បានធ្វើដំណើរតាមបណ្ដោយផ្លូវ ១៦៣ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ត្រង់ចំណុចកើតហេតុផ្លូវបំបែកជាបួនស្តុបវត្តមហាមន្ត្រី ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន បុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ហោះផ្លោងខ្ទាតបោកក្បាលស្លាប់ភ្លាមៗ ឯអ្នកជិះពីក្រោយរងរបួសស្រាល។ ចំណែកម៉ូតូខូចខាតចំផ្នែកខាងមុខខ្ទិចស្ទើរទាំងស្រុង។ ក្រោយកើតហេតុ រថយន្ដបង្កបានបើករត់គេចខ្លួចេញពី កន្លែងកើតហេតុបាត់ស្រមោល។

ជនរងគ្រោះ ដែលបាត់បង់ជីវិតមិនត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណនោះទេ ត្រឹមតែដឹងថាជាជនជាតិ វៀត ណាម អាយុប្រមាណ ៣០ឆ្នាំជាង ស្នាក់នៅម្តុំផ្សារប៉េសេ តាមបណ្តោយផ្លូវ ៣៧១ មុខរបរជាមេជាងកម្មករសំ ណង់។ ក្រោយកេីតហេតុសម្ថកិច្ចជំនាញចរាចរណ៍បានធ្វើការវាស់វែង និងស្រាវជ្រាវរករថយន្តបង្កមកចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ លី សុភាស

