ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។ កាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះឈ្មោះ សំណាង វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ បានជិះ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1DH-4276 ចេញពីផ្ទះស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅរៀនគួរនៅផ្ទះឯកជន ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ជើង ឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបានទុកម៉ូតូខាងលើនៅខាងមុខផ្ទះ ដោយពុំបានដកកូនសោរចេញពីម៉ូតូទេ រួចក៏បានចូលទៅក្នុងផ្ទះរៀនគួរដូចសព្វដង។

រហូតដល់វេលាម៉ោង០៨ ថ្ងៃខែឆ្នាំដដែល ស្រាប់តែលេចមុខជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ផ្កាឈូកលាយស មិនស្គាល់ស្លាកលេខ មកធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ បញ្ឆេះជិះចេញទៅ គាប់ជួនជនរងគ្រោះបានឮសម្លេងម៉ូតូ និងលាន់ច្រវ៉ាក់ម៉ូតូស្គាល់ថាជាម៉ូតូរបស់ខ្លួន ក៏បានស្ទុះរត់ចេញមកខាងក្រៅឃើញជនសង្ស័យ បើកចេញទៅ ហើយបានស្រែកឆោឡោថា ចោរៗ ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចដែលកំពុង ជិះម៉ូតូល្បាតក្បែរនោះ ជួយអន្តរាគមន៍ដេញតាមពីក្រោយ រហូតដល់ផ្លូវទាល់ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួមនិងម៉ូតូ១គ្រឿងដែលជារបស់ជនរគ្រោះ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ មូវ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិធម្មត្រ័យ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ និង បក្ខពួកម្នាក់ទៀតឈ្មោះ វី ភេទប្រុស អាយុ២២ឆ្នាំ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា រូបគេនិងបក្ខពួកពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់ ។ចំណែកម៉ូតូដែលដកហូត បានប្រគល់ជូនម្ចាស់ដើមវិញ៕
អត្ថបទ៖ សេង សាវី

