នៅពេលអ្នកសារព័ត៌មាន សាកសួរអំពីការផ្តល់អាវុធដ៏មានសក្តានុពល នៅខាងក្រៅសេតវិមាន លោក បៃដិន បានឆ្លើយតបថា រដ្ឋបាលរបស់លោកនឹងមិនបញ្ជូនប្រព័ន្ធរ៉ុក្កែតដែលអាចវាយប្រហារចូលទៅក្នុងប្រទេសរុស្ស៊ី ទៅឲ្យអ៊ុយក្រែននោះទេ។
ប៉ុន្ដែមុននេះ កាសែត Washington Post បានរាយការណ៍ថា រដ្ឋបាលអាមេរិក កំពុងរៀបចំផ្តល់ប្រព័ន្ធរ៉ុក្កែតបាញ់បានច្រើនគ្រាប់ (Multiple Launch Rocket) ដែលនឹងអនុញ្ញាតឲ្យ អ៊ុយក្រែនបាញ់គ្រាប់រ៉ុក្កែត លើសពីអ្វីដែលពួកគេអាចធ្វើបាននាពេលបច្ចុប្បន្ន។

ប្រព័ន្ធរ៉ុក្កែតបាញ់បានច្រើនគ្រាប់ ជាសំណើធំបំផុតរបស់មន្ត្រីអ៊ុយក្រែន ព្រោះពួកគេត្រូវការអាវុធប្រភេទនេះ ដើម្បីបញ្ឈប់ការលុកលុយរបស់កងកម្លាំងរុស្ស៊ីនៅភាគខាងកើត ដែលបានកាន់កាប់ទីក្រុងសំខាន់ Lyman កាលពីសប្តាហ៍មុន។
ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានមានការព្រួយបារម្ភថា ការផ្តល់ MLRS ដល់អ៊ុយក្រែន អាចបង្កហានិភ័យធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ព្រោះអ៊ុយក្រែនមានសមត្ថភាពបាញ់គ្រាប់រ៉ុក្កែត ចូលទៅក្នុងទឹកដីរុស្ស៊ីបាន ដែលនឹងនាំឲ្យជម្លោះកាន់តែរីកធំ។

រុស្ស៊ី បានជំទាស់យ៉ាងខ្លាំង ចំពោះចំណាត់ការរបស់លោកខាងលិច ក្នុងការផ្តល់អាវុធ ដល់ អ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយទៅកាន់មេដឹកនាំបារាំង និង អាល្លឺម៉ង់កាលពីចុងសប្តាហ៍ ហើយបានព្រមានប្រឆាំងនឹងការបន្តបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន។
ទន្ទឹមនោះ ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា រាល់ទង្វើរបស់អាមេរិក ក្នុងការបញ្ជូនប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយទៅឲ្យអ៊ុយក្រែន នឹង ក្លាយជារឿងមិនអាចទទួលយកបាន ហើយទាមទារឲ្យទីក្រុងវ៉ាស៊ីនតោន កុំចាត់វិធានការបង្កហេតុបែបនេះតទៅទៀត៕

