ភាពយន្តថៃដែលមានចំណងជើងថា «អាដែង កូនព្រាយក្រឡាភ្លើង» ជាភាពយន្តថ្មីមួយផលិតចេញពីដំណាលរឿង នាងណាត ឬ ព្រាយក្រឡាភ្លើងនៅដែនដីប្រាក់ខាណង។ ភាពយន្តនេះ ត្រូវបានគេដឹងថា ជាសាច់រឿងរបស់កូនប្រុសនាងណាត ដែលបានស្លាប់ក្នុងផ្ទៃ និងជាសាច់រឿងបន្តពីរឿងនាងណាត។

កន្លងមក មហាជនអ្នកទស្សនាធ្លាប់ជក់ចិត្តដិតអារម្មណ៍ជាមួយភាពយន្ត «នាងណាតប្រាក់ខាណង » ជាពិសេសទិដ្ឋភាពនាសម័យកាលនេះ ប៉ុន្ដែម្ដងនេះមិនមែនផលិតថ្មីសាច់រឿងដដែលដូចពីមុននោះឡើយ តែជាសាច់រឿងបន្តដែលនិយាយពីកូនប្រុសនាងណាតឈ្មោះដែង ដែលបានស្លាប់ក្នុងពោះជាមួយម្ដាយ ព្រោះសម្រាលមិនរួចដែលជាហេតុបណ្ដាលឲ្យនាងក្លាយជាព្រាយក្រឡាភ្លើងនោះឯង។

អាដែង ជាតួអង្គកូនប្រុសនាងណាតត្រូវបានបំភ្លេចចោលដោយមិនមានអ្នកណាលើកយកមកនិយាយឡើយ ហេតុនេះទើប M Pictures បានជីកគាស់កកាយសាច់រឿង អាដែង បំប្លែងដំណើររឿងដើម្បីផលិតជាភាពយន្តរឿង អាដែង កូនព្រាយក្រឡាភ្លើង នេះឡើងដែលរឿងនេះពោរពេញដោយឈុតឆាកដ៏ល្អអស្ចារ្យជាច្រើននៅក្នុងផ្ទៃរឿងតែមួយ។

ភាពយន្តថៃ «អាដែង កូនព្រាយក្រឡាភ្លើង» ត្រូវបានឱ្យដឹងពីសាច់រឿងត្រួសៗថា កាលដែលវិញ្ញាម្ដាយបានដើរតាមគន្លងព្រះពុទ្ធសាសនាដើម្បីជម្រះបាបដែលសាងហើយនោះ ក្នុងរឿងនោះបន្សល់ទុកខ្មោច អាដែង ជាកូនឱ្យនៅកំព្រីកំព្រាតែឯងនៅក្នុងភូមិ។ យ៉ាងណាមិញអ្នកស្រុកភូមិបានដឹងច្បាស់ថាខ្មោចអាដែងនៅក្នុងភូមិដដែល តែមិនបានប្រាប់ក្មេងៗក្នុងភូមិថាអាដែងជាខ្មោចឡើយដើម្បីកុំឱ្យក្មេងក្មាងភ័យ។ អាដែង ក៏រាប់អានក្មេងក្នុងភូមិជាមិត្តដូមនុស្សធ្មតា តែហេតុការណ៍មិនបានប្រណីនូវមិត្តភាពពួកគេឱ្យមានក្ដីសុខឡើយ ហើយក៏មានព្រឹត្តិការណ៍ដ៏ព្រឺព្រួចលាយឡំជាមួយឈុតឆាកផ្ទុះសំណើចក្អាកក្អាយនិងក្ដុកក្ដួលអារម្មណ៍ផងដែរ។

សាច់រឿងនៅមិនទាន់ចប់ត្រឹមនេះទេ បើចង់ដឹងរឹតតែច្បាស់ ហ្វេនទាំងអស់គ្នាអាចទស្សនាបាននៅគ្រប់រោងភាពយន្ដទំនើបចាប់ពីថ្ងៃ ៣ មិថុនា ២០២២នេះតទៅ ធានាថាជក់ចិត្តម្ដងទៀតមិនចាញ់សាច់រឿងនាងណាតឡើយ។

សូមរីករាយទស្សនា Trailer

