ប្រធានាធិបតីក្រូអាត លោក Zoran Milanovic បាននិយាយថា មេដឹកនាំរុស្ស៊ីលោក Vladimir Putin នឹងញញឹមចំពោះការដាក់ទណ្ឌកម្មថ្មី ពីព្រោះរហូតមកដល់ពេលនេះវិធានការរឹតត្បិតទាំងនោះ មិនបាននាំឲ្យមានការធ្លាក់ចុះនៃរូបិយប័ណ្ឌរុស្ស៊ី (រូប្លែ) ឬ ប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ីនោះទេ។

មេដឹកនាំសហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងនយោបាយមួយកាលពីយប់ថ្ងៃអង្គារ លើកញ្ចប់ទី៦ នៃទណ្ឌកម្មប្រឆាំងរុស្ស៊ី​​ ដែលរួមមានការហាមឃាត់ជាបណ្ដើរៗ លើការនាំចូលប្រេង និង ផលិតផលប្រេងពីប្រទេសរុស្ស៊ីតាមនាវា ប៉ុន្ដែលើកលែងតាមបំពង ហើយឈប់នាំចូលឧស្ម័នធម្មជាតិរយៈពេលខ្លី។ ការដាក់ទណ្ឌកម្មលើរុស្ស៊ីចំពោះទណ្ឌកម្មប្រេងនេះ និងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញតាមសមុទ្រតែប៉ុណ្ណោះ។

លោក Milanovic បាននិយាយនៅក្នុងទីក្រុង Zagreb ដោយអត្ថាធិប្បាយពីលើការបន្ថែមចុងក្រោយរបស់សហភាពអឺរ៉ុបក្នុងទណ្ឌកម្មលើប្រេងរុស្ស៊ីថា «ទណ្ឌកម្មមិនដំណើរការទេ។ ប្រទេសរុស្ស៊ីមិនចាប់អារម្មណ៍ទេ ប្រាក់រូប្លែមិនបានដួលរលំឡើយ។ ពលរដ្ឋសហភាពអឺរ៉ុបត្រូវចំណាយកាន់តែច្រើន លោក ពូទីន កាន់តែញញឹម ហើយប្រេង និង ឧស្ម័នរុស្ស៊ី នឹងយកទៅកន្លែងផ្សេង ពីព្រោះតម្រូវការគឺមានច្រើនណាស់»។

មេដឹកនាំក្រូអាតរូបនេះបន្ដទៀតថា ទណ្ឌកម្មរបស់សហភាពអឺរ៉ុបក្នុងទម្រង់បច្ចុប្បន្នរបស់ពួកគេនឹងមិនមានប្រសិទ្ធភាពសូម្បីតែប្រឆាំងនឹងប្រទេសស៊ែប៊ី ហើយថា រឿងតែមួយគត់ដែលទំនងជានឹងកើតឡើងគឺ តម្លៃប្រេងឡើងខ្ពស់សម្រាប់ពលរដ្ឋនៃបណ្ដាប្រទេសសហភាពអឺរ៉ុប។

ទាក់ទិននឹងករណីនេះ លោកប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា គោលនយោបាយទប់ស្កាត់ និង ធ្វើឲ្យរុស្ស៊ីចុះខ្សោយគឺជា យុទ្ធសាស្រ្តយូរអង្វែងរបស់ប្រទេសលោកខាងលិច ហើយថាទណ្ឌកម្មនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកទាំងមូល៕

ប្រភព៖ Newssunrolled & RT

Share.