នាពេលថ្មីៗនេះ ហ្វេនទាំងអស់គ្នាបានឃើញវត្តមានតារាស្រីញញឹមស្រស់ យ៉ែម ស្រីពេជ្រ និងតារាថៃសង្ហា Toey Pongsakorn ឈរថតរូបរួមគ្នាជាច្រើនសន្លឹកក្នុងពិធីក្រុងពាលីត្រៀមថតភាពយន្តបុរាណថៃ ដែលមានចំណងជើងថា «พระร่วงพระราชาผู้ทรงธรรม» ឬសម្រាយជាខេមរភាសាថា ព្រះរោងព្រះរាជាយុត្តិធម៌។
បើតាមការអះអាងរបស់តារាស្រី យ៉ែម ស្រីពេជ្រ គឺកញ្ញានឹងសម្ដែងជាតួព្រះនាងតំណាងឱ្យប្រទេសខ្មែរនាសម័យបុរាណ។

ផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មានត្រយង កញ្ញា យ៉ែម ស្រីពេជ្រ បានរៀបរាប់ថា ការដែលទទួលបានគម្រោងថតភាពយន្តជាមួយផលិតករថៃនេះ ក៏ដោយសារតែអ្នកដឹកនាំរឿងជនជាតិថៃ លោកបានចុះឡើងប្រទេសកម្ពុជាយើងច្រើនដង ហើយលោកក៏បានស្គាល់តារាសិល្បៈកម្ពុជាមួយចំនួនដែរ។ ក៏ព្រោះតែតួអង្គក្នុងរឿងថ្មីរបស់លោកត្រូវឱ្យមានតួអង្គជនជាតិខ្មែរ ទើបលោកបានទំនាក់ទំនងមកកញ្ញាឱ្យចូលរួមសម្ដែង ។

ស្រីពេជ្រ បានបន្ថែមទៀតថា ដោយសារកញ្ញាចង់បានបទពិសោធន៍ថ្មីក្នុងការសម្ដែងភាពយន្ត ក៏ដូចជាចង់ស្វែងយល់បន្ថែមពីការធ្វើការជាមួយប្រទេសជិតខាង ទើបកញ្ញាមិនរុញរាក្នុងការសម្ដែង កញ្ញាបានទទួលអត្ថបទភាពយន្តយកមើលមុន មុននឹងសម្រេចចិត្តព្រមព្រាងជាមួយផលិតករថៃ ហើយកញ្ញាក៏មើលឃើញថា កញ្ញាត្រូវសម្ដែងជាតួអង្គព្រះនាងម្នាក់ដែលតំណាងឱ្យប្រទេសខ្មែរនាសម័យបុរាណ និងបង្ហាញពីភាពក្លាហានរបស់មនុស្សស្រីផងដែរ។

តារាស្រីញញឹមស្រស់រូបនេះ បានបញ្ជាក់ទៀតថា សម្រាប់ព័ត៌មានលម្អិតពីភាពយន្តនេះតែម្ដងគឺកញ្ញាមិនអាចទាន់បញ្ចេញតម្រុយអ្វីបាននោះទេ ព្រោះកាលៈទេសៈនេះកំពុងស្ថិតក្នុងដំណើរនៃការផលិត គ្រាន់តែអាចប្រាប់បានថា កញ្ញាពិតជាសប្បាយចិត្តខ្លាំងណាស់ដែលទទួលបានឱកាសសម្ដែងក្នុងខ្សែភាពយន្តមួយនេះ និងចង់បង្ហាញថា តួសម្ដែងខ្មែរយើងក៏អាចធ្វើបាន។ ស្រីពេជ្រថា កញ្ញានឹងព្យាយាមបន្ថែមទៀតឱ្យអស់ពីសម្ថភាពក្នុងការសម្ដែងខ្សែភាពយន្តនេះឱ្យបានល្អបំផុត។

ភាពយន្ត «ព្រះរោងព្រះរាជាយុត្តិធម៌ » គ្រោងនឹងដំណើរការថតនៅចុងខែ មិថុនា ខាងមុខនេះ ក្នុងរយៈពេលប្រមាណ ២ខែ ចំណែកឯតារាស្រី យ៉ែម ស្រីពេជ្រ ក៏បានចុះឡើងប្រទេសថៃដើម្បីធ្វើការហ្វឹកហាត់ក្នុងការសម្ដែង ដោយសារតែរឿងនេះថតនៅក្នុងសម័យបុរាណ៕





សូមទស្សនាវីដេអូ Top News ៖

