ភ្នំពេញ៖ បើតតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់បើករម៉កមួយគ្រឿង ពាក់ស្លាកលេខកណ្ដាល 1U-2252 ដោយដឹកសណ្ដែកបណ្ដុះពេញព្រាប ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតទៅបុក រថយន្តកាមរីមួយគ្រឿងពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2N-3571 បណ្ដាលឲ្យរងការខូចខាត ដាច់កាងផ្នែកខាងក្រោយ ហើយរម៉កមិនទាន់អស់ល្បឿនទេ ក៏បន្តជ្រុលទៅបុករថយន្ត RANGROVER ពណ៌ខ្មៅមួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 2V-0919 ដែលចតចោលនៅខាងស្ដាំដៃ បណ្ដាលអោយរងការខូចខាត បែកខាងក្រោយទៀត។

ប្រភពដដែលបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ មិនបង្កឱ្យមានអ្នករងរបួសនោះទេ។ ក្រោយពីបើករម៉កបុករថយន្តពីរគ្រឿង ឲ្យរងការខូចខាតហើយ ម្ចាស់រ៉ឺម៉កបានដាក់មេផាយបាត់ស្រមោល ចេញពីទីតាំងកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង 4:30 ទៀបភ្លឺឈានចូលថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2022 ក្នុងសង្កាត់ផ្សារអូឬស្សី 4 ខណ្ឌ 7មករា រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុសមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោកខណ្ឌ 7 មករា បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការនាំយករម៉កម៉ូតូយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕




