បាត់ដំបង ៖ ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាលួច ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពលួចកាត់ខ្សែកផ្លាទីនពីបុរសម្នាក់បានសម្រេច។
ការឃាត់ខ្លួនបានប្រព្រឹត្តទៅកាលពីវេលាម៉ោង១២រំលងអធ្រាត្រចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅកន្លែងប្រារព្វកម្មវិធីខនសឺត ស្ថិតនៅចំណុចក្រុមទី៦ ភូមិបាណង់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ ទោម សទ្ធា ភេទប្រុស អាយុ៣៣ ឆ្នាំ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ខ្សែកដែលជនសង្សួយលួចកាត់យក ផ្លាកទីនទម្ងន់៥ជី តម្លៃ១៤០០ដុល្លា។
ចំណែកជនសង្ស័យទាំង៣នាក់ចាប់ខ្លួនបាន ៖ ទី១ ឈ្មោះ អ៊ុ ណៃ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ទី២ ឈ្មោះ គង់ សុភាព ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ។ ទី៣ ឈ្មោះ ខេង សូលាវ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ជនរងគ្រោះទៅដើរកម្សាន្តលេង នៅកន្លែងប្រគុំតន្ត្រី ដោយមានបងប្អូនប្រជាពលរដ្ឋច្រើនប្រជ្រែតគ្នា មិនបានចាប់អារម្មណ៍ ស្រាប់តែបាត់ខ្សែក ទើបឆោឡោ ផ្អើលអ្នកក្បែរខាង ក៏ប៉ុន្តែជាចៃដន្យ មានពលរដ្ឋថតលេងតែជាប់នូវសកម្មភាពរបស់ជនសង្ស័យ ទើបជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ។ កម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ ទីបំផុតប្រទះឃើញមុខជនសង្ស័យទាំង៣នាក់ ក៏ចាប់ខ្លួនតែម្តង ។
ជនសង្ស័យទាំង៣នាក់ យោងតាមបណ្តឹងរបស់ជនរងគ្រោះ និងតាមចម្លើយសារភាព ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕
អត្ថបទ៖ តាតុង សែនជ័យ

