ប្រធានាធិបតីអាមេរិកលោក Joe Biden បានយល់ព្រមផ្ដល់ប្រព័ន្ធរ៉ុក្កែតទំនើបដែលអាចផ្លោងបានរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន ដែលជាផ្នែកនៃកញ្ចប់សព្វាវុធចំនួន ៧០០លានដុល្លារអាមេរិក ដែលរំពឹងថានឹងដាក់បង្ហាញនៅថ្ងៃ ពុធ ទី ០១ ខែ មិថុនា នេះ។

មន្រ្តីរដ្ឋបាលជាន់ខ្ពស់បាននិយាយថា សហរដ្ឋអាមេរិកកំពុងផ្ដល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ចំគោលដៅបានចម្ងាយ ៨០គីឡូម៉ែត្រ បន្ទាប់ពីអ៊ុយក្រែនបានធានាថា មិនប្រើសម្រាប់វាយប្រហារទៅក្នុងទឹកដីប្រទេសរុស្ស៊ី ពោលគឺគ្រាន់តែប្រើប្រព័ន្ធមីស៊ីលនេះដើម្បីបណ្ដេញកងទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែនប៉ុណ្ណោះ។

កាសែត New York Times op-ed ចេញផ្សាយកាលពីថ្ងៃអង្គារដោយសរសេរថា លោក Biden បានថ្លែងថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននឹងបញ្ចប់តាមរយៈការទូត ប៉ុន្ដែអាមេរិកនៅតែត្រូវផ្ដល់អាវុធ និង គ្រាប់រំសេវសំខាន់ៗ ដើម្បីផ្ដល់នូវជំហរកាន់តែរឹងមាំដល់អ៊ុយក្រែននៅឯតុចរចា។
លោក Biden បានបញ្ជាក់ទៀតថា «នោះហើយជាមូលហេតុដែលខ្ញុំបានសម្រេចចិត្តថា យើងនឹងផ្ដល់ឲ្យប្រជាជនអ៊ុយក្រែននូវប្រព័ន្ធរ៉ុក្កែត និង អាវុធទំនើបៗបន្ថែមទៀត ដែលអាចឲ្យពួកគេវាយប្រហារគោលដៅសំខាន់ៗនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន»។
ការប្ដូរចិត្តភ្លាមៗរបស់លោក Biden កើតមានឡើង នៅចំពេលមានសេចក្ដីរាយការណ៍ថារុស្ស៉ីអាចនឹងវាយគ្រប់គ្រងទាំងស្រុងលើទីក្រុង ស៊ីវីយ៉េរ៉ូដូណេត (Sievierodonetsk) ក្នុងតំបន់ភាគខាងកើតប្រទេស អ៊ុយក្រែនឆាប់ៗនេះ៕

