យុវជន ពេជ្រ មូន ទទួលបានការស្ញើចសរសើរពីមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីគេឃើញលោកបានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិក ដោយការប្រឹងប្រែងសិក្សាអស់រយៈពេល៤ឆ្នាំ។

រូបភាពលោកយាយកាន់ខ្សែគោ និងក្រមាចងសៀវភៅ ពីទឹកខ្មែររហូតទៅដល់ទឹកដីអាមេរិក ប្រគល់ជូនចៅប្រុសជាទីស្រឡាញ់ បានរម្លឹកឱ្យមហាជនមើលឃើញថា ភាពជោគជ័យគឺបានមកពីការខិតខំប្រឹងប្រែងតស៊ូយ៉ាងជាក់លាក់។

ក្នុងរឿងនេះ មានហ្វេនម្នាក់លើកឡើងថា តាមរយៈការតស៊ូរបស់ យុវជន ពេជ្រ មូន គេទទួលបានបទពិសោធន៍មេរៀនជីវិត ៤ ចំណុចដែលមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមិនមើលគួររំលងដូចជា ៖

១- ការតស៊ូមិនខ្ជិល
ការតស៊ូព្យាយាមជាគន្លឹះនាំមកនូវជីវិតរីកចម្រើន មនុស្សដែលមានសេចក្ដីអំនត់អត់ធន់ និងការតស៊ូព្យាយាមជម្នះរាល់បញ្ហា រមែងតែងតែទទួលបាននូវភាពជោគជ័យតាមបំណងប្រាថ្នា និងបានប្រសើរជាងមនុស្សដែរមានភាពខ្ជិលច្រអូស។ ព្រោះសេចក្ដីខ្ជិលច្រអូសវាបានជះនូវឥទ្ធិពលអាក្រក់មកលើខ្លួនឯងយ៉ាងច្រើនបំផុត វាបានធ្វើឱ្យខាត់បង់នូវពេលវេលា និងធ្វើឱ្យបាត់បង់នូវឱកាសល្អៗជាច្រើន ផ្ទុយទៅវិញសេចក្ដីតស៊ូព្យាយាម រមែងទទួលនិងចាប់បាននូវឱកាស់ល្អៗជាច្រើនរាប់មិនអស់ផងដែរ។

២- ការមានចិត្តអំណត់
ពាក្យចាស់និយាយថា «ចង់ធំ ឱ្យខំពីតូច » សំដៅ​សេចក្តីថា រាល់​រូប​បុគ្គលទាំង​អស់​ដែល​បំណង​ប្រាថ្នា​ចង់​ធ្វើ​ធំ ចង់​មាន​បុណ្យ​សក្តិ​កេរ្តិ៍ឈ្មោះ​កិត្តិយស​ក្នុង​សង្គម គឺ​ត្រូវ​តែ​ខិត​ខំ​ប្រឹង​ប្រែង​ពី​ក្មេង​វ័យ តាំង​ពី​ការ​រៀន​សូត្រ​ ប្រកប​កិច្ច​ការ​មុខ​របរ​ តស៊ូ​អំណត់​អត់​ធន់​ជម្នះ​នូវ​រាល់​ឧបសគ្គ​ដែល​ប្រឈមមុខ​។ ជាតួយ៉ាង នៅ​ក្នុង​ស្នាដៃ​អក្សរសិល្ប៍​ រឿង​កុលាប​ប៉ៃ​លិន តួ​អង្គចៅ​ចិត្រ ដែល​ខិត​ខំ​កសាង​ខ្លួន​តាំង​ពី​កម្មករ​ជីក​ត្បួង​រហូត​ដល់​ជា​អ្នក​កាន់​បញ្ជី និង​ឈាន​ដល់​អ្នក​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​របស់​លោក​ហ្លួង​រតន​សម្បត្តិ​​ទាំង​មូល។ ដូចគ្នានេះដែរ យុវជន ពេជ្រ មូន បានរំដោះខ្លួនពីភាពក្រីក្រ ហើយតស៊ូសិក្សារហូតដល់ចប់ និងនាំមុខមាត់ឱ្យប្រទេសជាតិថែមទៀត។

៣- ការមានគោលដៅច្បាស់លាស់
នៅពេលដែលយើងមានគោលដៅក្នុងជីវិតច្បាស់លាស់ យើងប្រាកដជាព្យាយាមសម្រេចវាឱ្យបាន ទើបយើងអាចមានអារម្មណ៍ថា យើងទទួលបានជោគជ័យ។ ខុសគ្នាពីនេះ ការផ្ដោតលើលទ្ធផល ឬការទន្ទឹងចាំនេះអាចនឹងបណ្ដាលឱ្យមានភាពតានតឹង។ ជាក់ស្ដែងគេមើលឃើញថា យុវជន ពេជ្រ មូន បានដាក់គោលដៅជីវិតច្បាស់លាស់ និងបានធ្វើតាមក្ដីស្រម៉ៃរបស់ខ្លួនដែលប្រាថ្នាចង់បាន។

៤-ហ៊ានដាក់ជីវិត ដើម្បីភាពជោគជ័យ
យុវជន ពេជ្រ មូន ជាគំរូល្អមួយសម្រាប់យុវជនខ្មែរ លោកធ្លាប់ជាក្មេងឃ្វាលគោ មិនថាលោកជាកូនអ្នកកសិករមានជីវភាពរស់នៅខ្វះខាត តែលោកតស៊ូជម្នះគ្រប់ឧបសគ្គ ដើម្បីបានបន្តការសិក្សានៅឯសាលាដ៏ល្បីរបស់សហរដ្ឋអាមេរិក។ ហេតុនេះយុវជនគួរកុំយកភាពក្រីក្រ ជីវភាពខ្វះខាត មកធ្វើជាឧបសគ្គក្នុងការស្រូបយកចំណេះដឹង។ ពិតមែនទៅ បើយើងមានការតាំងចិត្ត មានការតស៊ូ ព្យាយាម លទ្ធផលទទួលបានពិតជាល្អប្រសើរ ដូចជាយុវជនពេជ្រ មូនមិនខានឡើយ៕

សូមអានបន្ត៖

ខ្សែគោ និងក្រមា ជាបាច់ផ្កានៅថ្ងៃទទួលសញ្ញាបត្រសាលាបណ្ឌិតសភាយោធាអាមេរិករបស់យុវជន ពេជ្រ មូន

Share.