ដោយមានការអនុញ្ញាតពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាខេត្តបាត់ដំបង និងយោងតាមស្ថានភាពជាក់ស្តែងស្ទឹងសង្កែឡើងជាងមុនពេលទំនប់ស្ទាក់ទឹកសាលាតាអនក្នុងស្រុកឯកភ្នំធ្វើរួច ត្រូវបានបង្ខាំងស្តុកទឹកទុកផង រដ្ឋបាលខេត្តបានរៀបចំពិធីក្រុងពលីសាងសង់វេទិកាថ្មី សម្រាប់ការប្រណាំងទូកដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីតាំងចាស់។

រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពលីសាងសង់វេទិកាថ្មី ដែលមាំធំទូលាយជាងមុនក្នុងរចនាបទខ្មែរ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នៅទីតាំងមាត់ស្ទឹងសង្កែជិតទីតាំងចាស់ ស្ថិតនៅក្នុងសង្កាត់ស្វាប៉ោ ក្រុងបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី ព្រទាំងថ្នាក់ដឹកនាំ កងកម្លាំង គ្រប់លំដាប់ថ្នាក់ក្នុងខេត្តចូលរួមផងដែរ។

ប្រភពពីរដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា ការសាងសង់វេទិកាអុំទុកថ្មីនេះ ដោយសារទីតាំងវេទិកាអុំទូកចាស់ តូចចង្អៀត ផ្ទុកគណ:អធិបតី និងភ្ញៀវកិត្តិយសបានតិច។ម្យ៉ាងទៀតការសាងសង់វេទិកាថ្មីនេះ ក៏ជាផ្នែកមួយនៃការរៀបចំសោភ័ណភាពទីក្រុងឲ្យបានស្អាតបន្ថែមទៀត ដើម្បីឲ្យសមទៅនឹងទីក្រុងស្អាតថ្នាក់ជាតិ និងថ្នាក់តំបន់ផង៕

Share.