បាត់ដំបង៖ មន្ត្រីគយសាខាបាត់ដំបង អំពាវនាវម្ចាស់យានយន្តរួសរាន់បំពេញកាតព្វកិច្ចបង់ពន្ធ អាករ ឲ្យទាន់ពេលដែលបានកំណត់ ពិសេសរថយន្តចង្កូតស្តាំគ្មានពន្ធ ។
ថ្មីៗកន្លងមកនេះសាខាគយ និងរដ្ឋាករបាត់ដំបង បានណែនាំរំលឹកទៅដល់សាធារណ:ជនក្នុងខេត្តបាត់ដំបង ទាំងអស់ ពិសេសម្ចាស់រថយន្តជ្រកក្រោមស្លាកលេខផ្សេងៗ និងគ្មានពន្ធអាករនាំចូលទាំងអស់ឲ្យបានដឹងពីការបន្តអនុវត្តយុទ្ធនាការ អនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធអាករចំនួន ១០% លើរថយន្តចង្កូតស្តាំគ្មានពន្ធ និងអាករនាំចូលទាំងអស់ដែលមានស្រាប់ក្នុងប្រទេសរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

រយ:ពេលនៃការអនុញ្ញាតិឲ្យបង់ពន្ធ និងអាករនាំចូលដោយស្ម័គ្រចិត្តនឹងត្រូវផុតឱសានវាទនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ ជាមួយគ្នាសាខាគយ និងរដ្ឋាករបាត់ដំបង ក៏បន្តក្រើនរំលឹក អំពាវនាវ ព្រមទាំងលើកទឹកចិត្តដល់ម្ចាស់រថយន្តចង្កូតស្តាំមានស្រាប់ក្នុងប្រទេសដែលគ្មានពន្ធ និងអាករទាំងអស់បន្តរួសរាន់ចូលរួមបំពេញការតព្វកិច្ចពន្ធអាករនាំចូលទៅតាមកាលបរិច្ឆេទតាមការកំណត់។
អង្គភាពដដែលបានបញ្ជាក់បន្តថា ក្នុងករណីផុតឱសានវាទចាប់ពីថ្ងៃទី០ ១ ខែកក្តដា ឆ្នាំ២០២២ មន្ត្រីសាខាគយ និងរដ្ឋាករបាត់ដំបង នឹងចុះយុទ្ធការបង្ក្រាបនៅគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ ដោយឡែកចំពោះរថយន្តចង្កូតឆ្វេងគ្មានពន្ធ អាករនាំចូលដែលបង្ក្រាបបានតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងពិន័យតាមបទប្បញ្ញាត្តិជាធរមាន ហើយចំពោះរថយន្តចង្កូតស្តាំដែលជាប្រភេទហាមឃាត់ការនាំចូលក្នុងករណីបង្ក្រាបបាននឹងត្រូវកម្ទេចចោល ឬដោះជាបំណែកៗជាគ្រឿងបន្លាស់។
អង្គភាពសាខាគយ និងរដ្ឋាករបាត់ដំបង ក៏បានចាត់ទុកការចូលខ្លួនដោយស្ម័ត្រចិត្តក្នុងការមកបំពេញកាតព្វកិច្ចពន្ធ អាករនាំចូលប្រកបដោយស្មារតីយោគយល់គ្នាទៅវិញ ទៅមក ហើយចាត់ទុកទង្វើនេះជាការចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់វប្បធ៌មសារពើពន្ធនៅក្នុងសង្គមជាតិយើង៕

អត្ថបទ៖ ដំបងក្រញូង

