
ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២២ កម្ពុជាគ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់ បានផ្ដាច់យកជីវិតពលរដ្ឋចំនួន២២នាក់ និងរបួស១៧នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ បើតាមរបាយការណ៍ដដែល គ្រោះធម្មជាតិដ៏គួរឱ្យខ្លាចមួយនេះ ក៏បានបណ្ដាលឱ្យងាប់គោក្រ និងក្របី ប្រជាកសិករចំនួន៥៣ក្បាលផងដែរ។
យ៉ាងណាក៏ដោយ ស្ថានភាពគ្រោះធម្មជាតិនៅឆ្នាំនេះ មានការថយចុះពាក់កណ្តាល បើប្រៀបធៀបនឹងរយៈពេល៥ខែ ដើមឆ្នាំ២០២១។ គណៈកម្មាធិករជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងទៀតថាស្ថានភាពអាកាសធាតុសម្រាប់៥ខែ ដើមឆ្នាំ២០២២នេះ មានភាពល្អប្រសើរជាងឆ្នាំ២០២១ ដោយសារកម្ពុជា ទទួលរងកម្រិតកំដៅខ្សោយ ពុំក្តៅខ្លាំងដូចឆ្នាំ២០២១ឡើយ។
បើតាមគណៈកម្មាធិការជាតិ ភ្លៀងកក់ខែបានកើតមានច្រើននៅក្នុងរដូវប្រាំង និងបានធ្វើឱ្យកាត់បន្ថយការប្រឈមការខ្វះខាតទឹកប្រើប្រាស់ និងទឹកសម្រាប់ការបង្កបង្កើនផលរបស់ប្រជាកសិករ ខណៈ៥ខែនេះដើមឆ្នាំនេះទៀតសោត ស្ថានភាពអាកាសធាតុក៏ពុំសូវទទួលរងឥទ្ធិពលពីព្យុះក្នុងតំបន់ច្រើន ដែលធ្វើឱ្យផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ មានការថយចុះធៀបឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា។
បែបនេះក្ដី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដោយសារស្ថានភាពអាកាសធាតុ មានអំណោយផល នាំឱ្យមានភ្លៀងធ្លាក់ច្រើន ពោលគឺគិតចាប់ពីខែមេសាមក មានជំនន់ទឹកភ្លៀងកម្រិតស្រាលកើតឡើងនៅតាមបណ្តាខេត្តជាបន្តបន្ទាប់។
«ប្រសិនបើស្ថានភាពអាកាសធាតុក្នុងតំបន់មានការប្រែប្រួល ដែលបង្កឱ្យមានភ្លៀងធ្លាក់នៅអាងទន្លេមេគង្គលើ ទឹកទន្លេមេគង្គក៏អាចមានចលនាជន់ឡើងដែរ ទោះបីការព្យាករណ៍របស់ក្រសួងជំនាញថាទឹកទន្លេមេគង្គនៅស្ថានីយ៍ជលសាស្ត្របាសាក់ចតុមុខ មានកម្ពស់អតិបរមា ៩.៦៥ម ទាបជាងកម្រិតប្រុងប្រយ័ត្ន ១០.៥០ម ក៏ដោយ»។ នេះជាការបញ្ជាក់បន្ថែបរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕
