
ក្មេងទំនើង២នាក់ផឹកស៊ីស្រវឹងបានធ្វើសកម្មភាពអុកឡុក ដេញគប់ និងវាយកូនសិស្សលោក បណ្តាលឱ្យរងរបួសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន។ ករណីនេះកើតឡើងនៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង នៅថ្ងៃពុធថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ។
អធិការដ្ឋាននគរបាលស្រុកកណ្តៀង បានឲ្យដឹងថា សមត្ថកិច្នគរបាលបានទទួលសេចក្តីរាយការណ៍ពីមេភូមិជ្រែង ថាមានជនសង្ស័យ២នាក់ផឹកស៊ីស្រវឹងចូលមកអុកឡុកដេញគប់ និងវាយកូនសិស្សលោកនៅក្នុងបរិវេណវត្តមុន្នីឧត្តម(ទួលម្កាក់)។
ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដោយឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងទាំងពីរ ម្នាក់ឈ្មោះ មិត ម៉ៅ ហៅ(ក្អាត់) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាស្តី ឃុំវាល ស្រុកកណ្ដៀង និងម្នាក់ទៀតឈ្មោះ ស៊ុយ រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្តុកជុំ ឃុំកោះជុំ ស្រុកកណ្តៀង។
អគ្គស្នងការដ្ឋាននគរបាលជាតិបានចេញផ្សាយថាក្រុមក្មេងទំនើងទាំងពីរនាក់ខាងលើនេះ យកដុំឥដ្ឋគប់ទៅលើព្រះសង្ឃនិងកូនសិស្សលោក ដែលកំពុងធ្វើសួនផ្កាក្នុងវត្តត្រូវចំកូនសិស្សលោកម្នាក់ឈ្មោះ នី បណ្ដាលឱ្យរងបួសស្រាលទេ ប៉ុន្តែពួកគេត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្តៀងដើម្បីអនុវត្តតាមនីតិវិធី៕
