ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២នេះ​ កម្ពុជាបានកើតមានបាតុភូតខ្យល់កន្ត្រាក់ចំនួន៧៩លើក។ នេះបើតាមការចេញផ្សាយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ បើតាមគណៈកម្មាធិការជាតិ គ្រោះធម្មជាតិដ៏គ្រោះថ្នាក់នេះ បានធ្វើឱ្យខូចខាត និងមានផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជាង២ពាន់ខ្នង។

នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី១ ខែមិថុនាម្សិលមិញ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លម្អិតថាខ្យល់កន្រ្តាក់៧៩លើកនោះបណ្តាលឱ្យផ្ទះពលរដ្ឋដួលរលំ និងខូចខាតធ្ងន់ចំនួន៥២៧ខ្នង និងរបើកដំបូល១៧៧៧ខ្នង។ គ្រោះខ្យល់កន្ត្រាក់នេះក៏បណ្ដាលឱ្យមនុស្សស្លាប់២នាក់ និង១៦នាក់ទៀតរងរបួស។

ក្នុងចន្លោះខែឧសភា និងមិថុនានេះ កម្ពុជាបានបន្តកើតមានបាតុភូតខ្យល់កន្ត្រាក់ជាបន្តបន្ទាប់ បណ្ដាលឱ្យប៉ះពាល់ប្រជាពលរដ្ឋនៅតំបន់មួយខំនួន ដូចជាបន្ទាយមានជ័យ កំពង់ស្ពឺ និងខេត្តតាកែវ។ ប៉ុន្មានថ្ងៃមុននេះ ខ្យល់កន្ត្រាក់បានធ្វើឱ្យប៉ះពាល់ផ្ទះពលរដ្ឋជាង៣០ខ្នងនៅស្រុកគងពិសី ខណៈនៅស្រុកព្រៃកប្បាសប៉ះពាល់១០៤ខ្នងផ្ទះ៕

Share.