ភ្នំពេញ៖ ស្រ្តីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលកំពុងបើកម៉ូតូស្របទិសគ្នាជាមួយនឹងរថយន្តក្រឡុកស៊ីម៉ងត៍ត្រូវបានរថយន្តគៀដួល រួចតៃកុងបើទ្វាចុះរត់គេចខ្លួនរថយន្តរអិលថយក្រោយវិញកិនបែកក្បាលស្លាប់មួយរំពេច។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលវេលាម៉ោង ១២និង ៤០ នាទីរសៀលថ្ងៃទី ០២ ខែមិថុនាឆ្នាំ ២០២២ ស្ថិតនៅត្រង់ចំណុចស្តុបណតប៊្រីដតាមបណ្ដោយផ្លូវ ២០០៤ កែងនឹងផ្លូវណតប៊្រីដស្ថិតនៅក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុរថយន្តធុនធំប្រភេទរថយន្តក្រឡុកស៊ីម៉ងត៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A- 2158ធ្វើដំណើរ
ស្របទិសគ្នាជាមួយម៉ូតូម៉ាកហុងដាគុប ពណ៌ទឹកប៊ិច ពាក់ស្លាកលេខស៊េរីចាស់ ឈ- 1203 តាមបណ្ដោយផ្លូវ ២០០៤ ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចស្តុកណតប្រ៊ីបានឈប់ភ្លើងស្តុបពណ៌ក្រហម លុះភ្លើងស្តុបលោតពណ៌ខៀវ ម៉ូតូនិងរថយន្តបន្តដំណើរទៅមុខទៀត ខណ:ពេលរថយន្តបត់ស្ដាំក៏បានប៉ះជាមួយនឹងម៉ូតូកង់មុខខាងស្ដាំបណ្ដាលឲ្យដួលម៉ូតូបោកទៅនឹងថ្នល់រងរបួសស្រាល ភ្លាមនោះតៃកុងរថយន្តឃើញជនរងគ្រោះដួលក៏បានបើកទ្វារត់គេចខ្លួន រួចរថយន្តក៏បានរអិលថយក្រោយវិញកិនជនរងគ្រោះចំក្បាលស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ។

សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រហែលជា 40 ឆ្នាំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចហៅរថយន្តសាមុយដឹកយកទៅដំកល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

Share.