វណ្ណកម្មថ្មីរបស់ទូរស្សន៍ PNN គឺខ្សែភាពយន្តភាគខ្មែរ «រសជាតិអ្នកមាន វគ្គ៣» វគ្គហេឡូអ្នកម៉ាក់ គឺជាចំណងដៃប្លែកអារម្មណ៍មួយទៀត ក្រោមការសហការផលិតពីស្ថានីយទូរទស្សន៍ PNN និងផលិតកម្ម MCNPicture កំពុងត្រៀមចាក់បញ្ចាំង។
ខ្សែភាពយន្តភាគខ្មែមួយនេះ ជាស្នាដៃទី ៤ របស់អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងជើងចាស់ដ៏ល្បីល្បាញអ្នកស្រី ពាន់ ភួងបុប្ផា ប្រចាំឆ្នាំ២០២២ បានដាក់សម្ពោធនាថ្ងៃទី ២ ខែមិថុនា នេះ មានការរចូលរួមពីក្រុមការងារ ផលិតករ អ្នកដឹកនាំផលិត តារាសម្ដែង បណ្ដាញពត៌មានល្បីៗ និងហ្វេនៗយ៉ាងច្រើនកុះករ។

កន្លងមក ហ្វេនអ្នកគាំទ្រធ្លាប់បានទស្សនារឿង «រសជាតិអ្នកមាន» កាលពីវគ្គមុនៗរួចមកហើយ ដោយឡែក សម្រាប់សាច់រឿងនៅក្នុងវគ្គ ទី៣នេះ គឺមានលក្ខណៈ ខុសគ្នា ទាំងតួសម្ដែង និងអត្ថន័យនៃសាច់រឿងទាំងមូល។ នៅវគ្គ «ហេឡូអ្នកម៉ាក់» នេះដែរ ក៏មានការបង្ហាញពីទុក្ខលំបាក និងការអប់រំប្រដៅកូនៗ របស់ស្ត្រីមេម៉ាយ ទាំង ក្នុងកម្រិតជីវិតខ្ពង់ខ្ពស់ និងកម្រិតទាប។ មួយវិញទៀត អ្នកទស្សនានឹងបានជ្រាបពីអត្ថ ន័យនៃការតស៊ូជីវិតរបស់មនុស្សស្រី និងបញ្ហាជីវិតជាច្រើនដែលបានឆ្លងកាត់។ សាច់រឿងនេះដែរ ត្រូវបានបែងចែកជារឿងរ៉ាវ ៤ គ្រួសារ ដែលបង្ហាញពីការរស់នៅក្នុងជីវិតអភិជន មធម្យម និងក្រីក្រ។ បញ្ហាជាច្រើន នឹងត្រូវលាតត្រដាង តាមរយៈតួអង្គនីមួយៗ នៅក្នុង៤គ្រួសារខាងលើនេះ ហើយបានអូសបន្លាយក្លាយជាចំណងបញ្ហាជាបន្តបន្ទាប់ រហូតរកឃើញនូវដំណោះស្រាយមួយនៃចុងបញ្ចប់សាច់រឿង។

យ៉ាងណាមិញ កញ្ញា ទូច បុប្ផា អ្នកគ្រប់គ្រងកម្មវិធីផ្សាយ និងជាអ្នកគ្រប់គ្រងការផលិតភាពយន្តខ្មែររបស់ស្ថានីយទូរទស្សន៍ភីអិនអិន សង្ឃឹមយ៉ាងមុតមាំចំពោះខ្សែភាពយន្តភាគខ្មែរមួយនេះ ដោយកញ្ញារៀបរាប់ថា PNN ហ៊ានបោះទុនធំបែបនេះ ក៏ព្រោះដោយសារតែមានការគាំទ្រខ្លាំងពីសំណាក់ហ្វេនអ្នកទស្សនា រហូតដល់ខ្ទងលានអ្នកទស្សនានៅលើបណ្ដាញសង្គម។ ភាយន្តភាគខ្មែរ «រសជាតិអ្នកមាន វគ្គ៣» បានសម្រិតសម្រាំងតួសម្ដែងដល់ទៅជាង ៤០ នាក់ ទាំងតារាជើងចាស់ និងពន្លកថ្មី។

កញ្ញា ទូច បុប្ផា បានបន្ថែមថា ភាពយន្តភាគមួយនេះមានទាំងអស់ ៧០ ភាគ ហើយបានចាយលុយអស់ជិតកន្លះលានដុល្លារក្នុងការផលិត។ សម្រាប់ឆ្នាំ២០២២នេះដដែល ទូរទស្សន៍ PNN បានបន្ថែមថវិកា ៣ លានដុល្លារទៀតសម្រាប់ផលិតភាពភាគខ្មែរផងដែរ។

ជាមួយនឹងការត្រៀមបញ្ចាំងរឿងភាគ «រសជាតិអ្នកមាន វគ្គ ៣»នេះដែរ គេឃើញក៏មានការចូលរួមពីសំណាក់តារាៗវ័យក្មេង ពន្លកក្រោយជាច្រើនដួងលាយឡំនឹងតារារៀមច្បង ដែលបានប្រមូលផ្តុំនៃការសម្ដែងក្លាយជាសាច់រឿងតែមួយ យ៉ាងល្អមើលជក់ចិត្ត។ ក្នុងនោះ វត្តមានកញ្ញា ឌុច លីដាកញ្ញា អ៊ឹង និមល និងលោក ប៉ែន ចំរុង ដែលជាតួអង្គធំ និងជាតួអង្គដែលផ្តល់នូវចំណោទបញ្ហាជាច្រើនដល់តួអង្គផ្សេងៗទៀត លោក ចន, កញ្ញា មុន្នី ម៉ូនីតា, លោក ឈួយ នរៈ វិទូ, តាន់ វិបុលភក្តី, វ៉ាន់ ថាយនីវ៉ាត់ និងតារាប្រុសស្រីជាច្រើនដួងទៀត ។
ខ្សែភាពយន្តភាគខ្មែរ «រសជាតិអ្នកមាន វគ្គ៣» វគ្គហេឡូអ្នកម៉ាក់ ត្រៀមនឹងបញ្ចាំងពីថ្ងៃទី ៦ ខែមិថុនា នេះតទៅ ៕












