កណ្តាល ៖ យុវជនជាជាងកាត់សក់ម្នាក់ តូចចិត្តនឹងខ្លួនឯង ក្រោយពីបានព្យាយាមលួចស្រឡាញ់ស្ត្រីម្នាក់ ក៏ប៉ុន្តែប៉ះចំនារីមានប្តីរួចទៅហើយ ដឹងថាបេះដូងនាងមិនទំនេរ ក៏កើតទុកក្រៀមក្រំរហូតដល់ សម្រេចិត្តបញ្ចប់ជីវិតដោយ ចងកសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ក្នុងបន្ទប់ជួល ខាងក្រោយវិទ្យាល័យហ៊ុន សែនតាខ្មៅ ស្ថិតនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សពជនរងគ្រោះមានឈ្មោះ សួច សំអូច  អាយុ២៣ឆ្នាំ មុខរបរ ជាជាងកាត់សក់ ស្នាក់នៅជាមួយម្តាយ នៅកន្លែងកើតហេតុ ។

បើតាមស្ត្រីជាម្តាយរបស់យុវជនខាងលើ បានឲ្យដឹងថា កូនប្រុសគាត់រូបនេះ បើតាមអ្វីដែលគាត់បានដឹង កន្លងមក ព្យាយាម សុំស្នេហ៍នារីម្នាក់ ទោះជាគេប្រាប់ថា មានប្តីហើយ តែនៅមិនជឿ មួយថ្ងៃៗ ខំព្យាយាមទំនាក់ទំនង តែលទ្ធផលគ្មានចេញជាអ្វីទាំងអស់។ ទើបតែប៉ុន្មានថ្ងៃមកនេះ ដឹងការពិតដូចអ្វីដែលនាងបានបញ្ជាក់ធ្វើឲ្យគេ ខកបំណង។ទីបំផុត នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ ខណៈដែលម្តាយទៅផ្សារបាត់ យុវជនរូបនេះបានសម្រេចចិត្តចងកសម្លាប់ខ្លួនទៅវិញ ។

ស្ត្រីជាម្តាយបន្តទៀតថា នៅពេលដែលគាត់វិលមកពីផ្សារ មិនឃើញកូននៅតូបកាត់សក់ ប្រើឲ្យបងប្អូន ទៅមើលក្នុងផ្ទះ ទើបប្រទះឃើញកូនប្រុសចងកសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ ។

សពជនរងគ្រោះ ក្រោយពីសមត្ថកិច្ច គ្រូពេទ្យ ពិនិត្យកោសល្យវិច័យរួច ឃើញថា ពិតជាសម្លាប់ខ្លួនឯង ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកតាមរ៉ឺម៉កយកសពទៅតម្កល់ទុកធ្វើបុណ្យនៅវត្តព្រែកសំរោង ទៅតាមប្រពៃណី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.