បាត់ដំបង៖ ភ្លៀងឡាយឡំខ្យល់កន្រ្តាក់បោកបក់ខ្លាំង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៦ខ្នងរងការខូចខាត ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ។

តាមអាជ្ញាធរមូលដ្ឋានបានឲ្យថា នៅក្នុងភូមិសាស្ត្រភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានធ្លាក់ភ្លៀងខ្លាំងលាយឡំខ្យល់កន្រ្តាក់បោកបក់បំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសរុបចំនួន ៦ខ្នងផ្ទះ ប៉ុន្តែមិនបានបង្កឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ។

អាជ្ញាធរបានបន្តទៀតថា គ្រោះធម្មជាតិនេះ បានធ្វើឲ្យប៉ើងរបើកដំបូលស័ង្កសី នឹងក្បឿងជាច្រើនសន្លឹកផងដែរ។ ចំពោះមុខមន្ត្រីមូលដ្ឋានកំពុងប្រមូលតួលេខ និងទំហំការខូចខាតបន្ថែមទៀត ដើម្បីសាខាកាកបាទក្រហមកម្ពុជាខេត្តផ្តល់ជំនួយសង្គ្រោះបឋមដល់ប្រជាពលរដ្ឋដែលរងគ្រោះ៕
អត្ថបទ៖ ដំបងក្រញូង

