ប៉ូលីសរដ្ឋ Lowa បាននិយាយថា បុរសម្នាក់បានបាញ់សម្លាប់ស្រ្តី ២នាក់ នៅក្នុងចំណតរថយន្ដនៃព្រះវិហារមួយកន្លែងក្នុងរដ្ឋ Lowa សហរដ្ឋអាមេរិក បន្ទាប់មកបានបែរកាំភ្លើងមកបាញ់ខ្លួនឯងម្នាក់ទៀត កាលពីថ្ងៃព្រហស្បតិ៍ ទី ០២ ខែ មិថុនា (កាលបរិច្ឆេទក្នុងស្រុក)។

ការបាញ់ប្រហារនៅរដ្ឋ Lowa កើតឡើងភ្លាមៗ បន្ទាប់ពីលោកប្រធានាធិបតិអាមេរិក Joe Biden ថ្លែងសុន្ទរកថាដ៏សំខាន់មួយស្ដីពីអំពើហិង្សាដោយកាំភ្លើង ក្រោយពីមានការបាញ់ប្រហារក្នុងទឹកដីនៃសហរដ្ឋអាមេរិកថ្មីៗនេះ នៅផ្សារទំនើបក្នុងទីក្រុង New York, នៅសាលាបឋមសិក្សាក្នុងរដ្ឋ Texas, នៅអគារមន្ទីរពេទ្យក្នុងរដ្ឋ Oklahoma ហើយចុងក្រោយនេះគឺបាញ់ប្រហារនៅក្នុងចំណតរថយន្ដព្រះវិហារក្នុងរដ្ឋ Lowa និង នៅពិធីបុណ្យសពក្នុងរដ្ឋ Wisconsin នេះតែម្ដង។
ទន្ទឹមនឹងនេះដែរ ក៏មានការបាញ់ប្រហារមួយទៀតនាថ្ងៃដដែល ដោយបានធ្វើឲ្យមនុស្ស ២នាក់ រងរបួសក្នុងកម្មវិធីបញ្ចុះសពនៅទីក្រុង Racine រដ្ឋ Wisconsin។

បើតាមប្រធានរងការិយាល័យតម្រួត Story County បាននិយាយថា ការបាញ់ប្រហារនៅរដ្ឋ Lowa បានកើតឡើងនៅខាងក្រៅវិហារ Conerstone ដែលជាព្រះវិហារសាសនាគ្រឹស្ដស្ថិតនៅភាគខាងកើតទីក្រុង Ames។ ប៉ុន្ដែទោះជាយ៉ាងណាប្រធានរងការិយាល័យខាងលើមិនអាចផ្ដល់អត្តសញ្ញាណ ឬ ទំនាក់ទំនងរវាងពួកគេទាំង៣នាក់ នោះទេ។

មុននេះបន្ដិច លោក Joe Biden បានជំរុញឲ្យសភាហាមឃាត់អាវុធ ពង្រីកការត្រួតពិនិត្យ និង អនុវត្តវិធានការគ្រប់គ្រងកាំភ្លើងយ៉ាងតឹងរ៉ឹងដើម្បីដោះស្រាយវិបត្តិហិង្សាដោយការបាញ់ប្រហារដ៏ធំនៅអាមេរិកថ្មីៗនេះ។ ជាមួយគ្នា លោក Biden បាននិយាយថា «គ្រប់គ្រាន់ហើយៗ»។
សូមជម្រាបថា ការបាញ់ប្រហារជាច្រើននៅតាមបណ្ដារដ្ឋនីមួយៗ បានធ្វើឲ្យប្រជាជនរស់នៅក្នុងទឹកដីនៃសហរដ្ឋអាមេរិកមានការភិតភ័យ និង ព្រួយបារម្ភពីសុវត្ថិភាពជាប្រចាំ៕

